សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤ គ្រិស្តសាសនិកស៉ីរី បានចូលរួមសកម្មភាពរៀងរាល់ថ្ងៃអាទិត្យឡើងវិញ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad និងអាចជាការធ្វើតេស្តលើកដំបូងលើការធានារបស់មេដឹកនាំថ្មី ថាសិទ្ធិជនជាតិភាគតិចនឹងត្រូវបានការពារ។
ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានឡើងមកគ្រប់គ្រងប្រទេសស៉ីរី ហើយកំពុងផ្តល់ការធានាសម្រាប់ជនជាតិភាគតិចស៉ីរីថា ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងមិនមានគ្រោះថ្នាក់។ កាលពីរបបលោក Assad នៅរស់ ក្រុមជនជាតិដើមភាគតិចសាសនា រួមទាំងគ្រិស្តបរិស័ទ បានធ្វើការគោរពប្រណិប័តន៍ដោយសេរី ខណៈមនុស្សមួយចំនួននៅបារម្ភពីទស្សនវិស័យរដ្ឋាភិបាលដែលប្រតិបត្តិសាសានាអ៊ិស្លាម។
កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ផ្លូវនានាក្នុងសង្កាត់ Bab Touma ដែលមានគ្រិស្តបរិស័ទច្រើនជាងគេ នៃរដ្ឋធានីដាម៉ាស គឺពោរពេញដោយអ្នកដំណើរត្រលប់មកពីថ្វាយបង្គំព្រះនៅឯវិហារវិញ ប៉ុន្តែដោយប្រុងប្រយ័ត្ន។ នៅទីក្រុងឆ្នេរសមុទ្រ Latakia និងជាបន្ទាយដ៏រឹងមាំរបស់លោក Assad ព្រះវិហារ Orthodox ក៏បានទទួលគ្រិស្តបរិស័ទប្រកបដោយផាសុកភាពផងដែរ។
គួរបញ្ជាក់ថា ស៉ីរីគឺជាជម្រករបស់ជនជាតិភាគតិច និងសាសនាជាច្រើន រួមទាំងគ្រិស្តសាសនា អាមេនី ឃឺដ និងអ៊ិស្លាមនិកាយស៉ីអុីត។ គ្រួសារលោក Assad ជាជនជាតិភាគតិច Alawite ដែលកាន់សាសនាអ៊ិស្លាមនិកាយស៉ីអ៉ីត នៅក្នុងប្រទេសស៉ីរី ដែលភាគច្រើនជាអ្នកនិកាយស៊ុននី៕ ដោយ៖ ធីរីណា
រូបថត៖ Reuters