ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានគេហដ្ឋានស្នាក់នៅប្រកបដោយភាពងាយស្រួល ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូងដល់ជាងពីររយហិកតា។
-សម្ដេចធិបតី ថ្លែងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះ ហើយដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន ដោយសម្តេចបានលើកឡើងថា ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ។ ការលើកឡើងរបស់សម្តេចបែបនេះគឺ ចង់ចំអកឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរត់ចោលស្រុកមួយចំនួន។
-សម្តេចធិបតី ថ្លែងថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងមកហើយសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែមហិច្ឆតា របស់សម្តេច មិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ ដូច្នេះសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។
-សម្តេចធិបតី ថ្លែងថា បរទេសធ្លាប់ឮថាកម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសគេមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងក្រោយឃើញកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ និងបានក្លាយជាប្រទេសមានសុខសន្តិភាព ដោយបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។
-សម្ដេចធិបតី ថ្លែងសង្ឃឹមជឿជាក់ថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ។
-សម្តេចធិបតី ថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ តាមភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅនឹង កន្លែងប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរ ដូចជាការតភ្ជាប់ជាមួយកោះនរា ជាដើម។
-សម្តេចធិបតី ថ្លែងថា សម្តែងសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រនឹង មានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលឆ្លងកាត់ផងដែរ។
-សម្តេចធិបតី ថ្លែងថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េសាងសង់រួចជាស្ថាពរ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ មានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។
-សម្តេចធិបតី ថ្លែងរំលឹកជាថ្មីម្តងទៀតថា ផលលាភនៃសុខសន្តិភាព នឹង ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។
-សម្តេចធិបតី ថ្លែងលើកឡើងថា ការសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងចំណោមទំហំដីជាង២០០ហិកតា ហើយចំណាយដី១ភាគ៣សម្រាប់ធ្វើផ្លូវសម្រាប់ សាធារណៈ គឺពិតជាត្រឹមត្រូវ ហើយសម្តេច សូមប្រកាសគាំទ្រចំពោះគម្រោងបែបនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។
-សម្តេចធិបតី ថ្លែងថា ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទិសខាងកើតកាន់ តែច្រើនបន្ថែមទៀត ហើយកន្លែងនេះ បានប្រែក្លាយជាដីខ្សាច់ដុះស្មៅចោល ក្លាយទៅជាកន្លែងមាន សេដ្ឋកិច្ចកាន់តែច្រើន។
សូមជម្រាបថា គម្រោង «ទីក្រុងមេគង្គឃី» ជាគម្រោងមួយត្រូវបានសិក្សាដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើផ្ទៃដីទំហំប្រមាណ២១០ហិកតា។ គម្រោងនេះត្រូវបានគិតគូរលើការអភិវឌ្ឍន៍ដោយបែងចែកជាពីរផ្នែក។ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ក្រុមហ៊ុននឹងរៀបចំសាងសង់ ដោយបែងចែកជាផ្នែកសំខាន់ៗផងដែរ៕
ដោយ៖ ស តារា