ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារខ្មែរ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញនេះ  បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ និងការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ។ 

ដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង និងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបងកាន់តែច្រើន ព្រមទាំងបង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន និងមានការរៀបចំនៅផ្លូវលេខ១ មុខអគារសារ:មន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង(សាលាខេត្តចាស់) ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង និងសហការ ជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យកាន់តែមានភាពរលូន ។លើសពីនេះឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក ខិតខំរួមគ្នារៀបចំឱ្យបានល្អឱ្យមានភាពប្លែកទាក់ទាញ និងបញ្ចូលបន្ថែមសិល្បៈវប្បធម៌ មុខម្ហូបថ្មីៗឱ្យកាន់មានភាពសម្បូរបែប។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមករដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឱ្យតាមបណ្តាខេត្តរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖