ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan បំបាក់ម្ចាស់ផ្ទះ Lazio ឡើងឈរលេខ៣បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមការពារតំណែងជើងឯក Inter Milan បានយកឈ្នះ ៦-០ យ៉ាងធំធេងនៅលើទឹកដីក្រុម Lazio ដោយមិនឲ្យតដៃបាន ខណៈដែលពួកគេបានធ្វើឱ្យក្រុម Lazio បរាជ័យក្នុងផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងក្របខ័ណ្ឌ Serie A កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ធ្នូនេះ។

Lazio បានចាប់ផ្តើមប្រកួតជាមួយនឹងកម្រិតពិន្ទុស្មើជាមួយ Inter ដែលមាន៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Atalanta ប៉ុន្តែមិនមានការរកគ្រាប់បាល់ និងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រុមរបស់លោក Simone Inzaghi នោះទេ។

ក្រុម Lazio របស់លោក Marco Baroni មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ១២ប្រកួត ហើយមិនដែលចាញ់នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេចាប់តាំងពីខែមីនា។ ពួកគេក៏កំពុងឈរកំពូលតារាង Europa League ដែលទម្រង់នេះជាការលើកទឹកចិត្តរបស់ពួកគេ។

ប៉ុន្តែការប្រកួតកាលរំលងអធ្រាត្រនេះរបស់ Lazio បានឈានដល់ការខកចិត្តមួយ នៅពេលដែល Hakan Calhanoglu ស៊ុតបញ្ចូលទីពីមុខឲ្យ Inter នៅនាទីទី៤១ ពីការស៊ុតបាល់ពិន័យប៉េណាល់ទី ហើយ Federico Dimarco រកបានគ្រាប់បាល់ទី២ជួយក្រុមភ្ញៀវនាំមុខក្នុងតង់ទី១។

ចូលការប្រកួតតង់ទី២ ក្រុមភ្ញៀវ Inter Milan បានបន្តដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ ដោយធ្លាយសំណាញ់ទីបន្ថែមរហូតដល់៤គ្រាប់ទៀត ដែលកីឡាករ Nicolo Barella បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ក្នុង៦នាទីក្នុងតង់ទីពីរ មុនពេល Denzel Dumfries ស៊ុតបញ្ចូលទីគ្រាប់ទី៤ នៅ២នាទីក្រោយមក ហើយ Carlos Augusto និង Marcus Thuram បានបញ្ចប់ការស៊ុតបញ្ចូលទីនៅចុងម៉ោងសម្រាប់គ្រាប់ទី៥ និងគ្រាប់ទី៦។

បច្ចុប្បន្ន Inter Milan នៅតែឈរនៅលេខរៀងទី៣ដោយមាន៣៤ពិន្ទុពី១៥ប្រកួត ហើយពួកគេតាមពីក្រោយក្រុម Atalanta ចំនួន៣ពិន្ទុជាមួយនឹងការប្រកួតក្នុងដៃ១។ ចំណែកកំណត់ត្រាបរាជ័យក្នុងផ្ទះពីមុនរបស់ Lazio គឺចាញ់ Fiorentina ៥-០ កាលពីឆ្នាំ១៩៥៩។

ការបរាជ័យដ៏ធំបំផុតចំនួន៣របស់ Lazio នៅក្នុងក្របខ័ណ្ឌ Serie A សុទ្ធតែបានជួបជាមួយក្រុម Inter Milan ការបរាជ័យនេះកើតឡើងបន្ទាប់ពីការចាញ់ ៨-១ (ក្នុងឆ្នាំ១៩៣៤) និងការចាញ់ ៧-០ (ក្នុងឆ្នាំ១៩៦១) ក្នុងទីក្រុង Milan ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖