ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២៤​លោកឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជេីញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។

ក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធី​ លោករដ្ឋមន្រ្តី​ មានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការអញ្ជើញចូលរួមក្នុងពិធីដ៏សំខាន់​ ដើម្បីផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសដល់អង្គប្រជុំឱ្យបានយល់កាន់តែច្បាស់ និងអនុវត្តការងារឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់​ និងចំគោលដៅ។ 

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី- ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។

នៅចំពោះមុខអង្គពិធីលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីមានបាន គឺជាការលំបាកមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទត្រូវគិតគូរពិចារណាឱ្យបានសុីជម្រៅដោយផ្តោតទៅលេីភាពចំនេញសេដ្ឋកិច្ច​ តុល្យភាពតម្រូវការ​ និងការផ្គត់ផ្គង់​ ផែនការផលិតកម្ម​ដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ​ ជាជាងការបង្កេីនបរិមាណផលិតកម្មសត្វ​ ដែលនាំឱ្យតម្លៃធ្លាក់ចុះ​ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។

ទន្ទឹមនឹងនេះ​ លោករដ្ឋមន្រ្តី​ បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់​ដែលអគ្គនាយកដ្ឋាន​ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស​ និងការផ្តល់សេវាកម្មថែទាំប្រកប ដោយគុណភាព​ ប្រសិទ្ធភាព​ និងសុវត្ថិភាព។ ម្យ៉ាងវិញ ទៀត​ លោករដ្ឋមន្រ្តី​ បានលេីកឡេីងថា ការងារសុខភាពតែមួយ (One Health) ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំជាមួយក្រសួងសុខាភិបាល​ និងក្រសួងបរិស្ថាន​ ដែលជាដៃគូក្នុងការផ្តល់ផលប្រយោជន៍សុខភាព​ និងអនាម័យដល់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការងារវិនិយោគលោករដ្ឋមន្រ្តី​ លេីកទឹកចិត្តដល់អគ្គនាយកដ្ឋាន​ សហការជាមួយវិស័យឯកជន​គ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់​ ចូលរួមបេីកទី ផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ​ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា​ ដោយគិតគូរពីស្តង់ដាអនាម័យ​ ភូតគាមអនាម័យ​ គុណភាព​ រសជាតិ​ ស្របតាមនីតិវិធីត្រឹមត្រូវ​ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម​ ដោយទទួលបានតម្លៃបន្ថែមខ្ពស់​ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។

សម្រាប់ការរួមចំណែកកិច្ចការនយោបាយ​លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កេីនការចូលរួមឱ្យមានភាពសកម្ម​ ផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម​ និងសមិទ្ធផលនានាដែលរាជរដ្ឋា ភិបាលសម្រេចបាន​ ព្រមទាំងឆ្លេីយតប​ និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ​ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ​ និងជាក់ស្តែងច្បាស់លាស់។

ជាទីបញ្ចប់នៃអង្គពិធីលោករដ្ឋមន្រ្តី​ សង្ឃឹមយ៉ាងមុតមាំ​ចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត​ មានសាមគ្គីភាពផ្ទៃក្នុង​ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់​ និងជូនពរដល់អង្គពិធី​ ទទួលបានជោគជ័យ​ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕

ដោយ៖ សូរិយា


ចែករំលែក៖