ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ កុំឱ្យមានការរើសអើងអ្នកកើតជំងឺអេដស៍ ហើយបន្តរួមគ្នាការពារ និងទប់ស្កាត់ការចម្លងជំងឺអេដស៍ នៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន។
ការលើកឡើងរបស់ អភិបាលខេត្តបន្ទាយមានជ័យ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សសយក កាយរិទ្ធ កាកបាទក្រហម យុវជនអភិវឌ្ឍន៍ខេត្ត យុវជនស្រឡាញ់សន្តិភាព និងតំណាងអ្នកផ្ទុកមេរោគអេដស៍បានចូលរួម ធ្វើឡើងនៅសាលប្រជុំ ធំ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា តាមរបាយការណ៍របស់អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថា នៅលើសកលលោក ទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៣៤លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ ២លាននាក់ ក្នុង១ឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ក្នុង១ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ អេដស៍ដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត បន្ដថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ឆ្លងតាមការអង្កេត អត្រាប្រេវ៉ាឡង់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានបង្ហាញឱ្យឃើញថា នៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញវ័យអាយុពី ១៥ ទៅ៤៩ ឆ្នាំមានចំនួន ១.៧% ហើយមានការថយចុះមកត្រឹម០.៧% នៅឆ្នាំ ២០១៣ និងបានបន្តថយចុះមកនៅត្រឹម ០.៦% នៅឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣ ហើយបន្តថយចុះមកត្រឹម ០.៥% នៅឆ្នាំ២០២៤ នេះ។
ប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្ថែមថា ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាពហុ វិស័យក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនេះ ហើយសំរាប់ខេត្តបន្ទាយមានជ័យ កន្លងមកដោយមានកិច្ច សហការ គ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជននានា យើងមានយុទ្ធសាស្ត្រធំៗបីសំខាន់ គឺវិធាន ការការពារ, ការព្យាបាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍នឹងជំងឺអេដស៍និងការគ្រប់គ្រងផ្នែកសម្របសម្រួល។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ។
លោក អ៊ុំ រាត្រី ក៏បានអំពាវនាវគ្រប់អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋ កុំឱ្យមានការរើសអើងអ្នកកើតជំងឺអេដស៍ បន្តរួមគ្នាក្នុងការការពារទប់ស្កាត់ការចម្លងជំងឺអេដស៍នៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន។
លោក អភិបាលខេត្ត ក៏បានស្នើដល់អ្នកពាក់ព័ន្ធ អង្គការដៃគូដែល បន្តលើកទឹកចិត្តអ្នកកើតជំងឺអេដស៍ តាមរយៈការជួយទំនុកបម្រុងឧបត្ថម្ភ លើកទឹកចិត្តឱ្យពួកគាត់ ទទួលបានភាពកក់ក្តៅ និងទទួលបានការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈមួយសម្រាប់ខ្លួនដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
ដោយ ៖ សិលា