ព័ត៌មានទាន់ហេតុការណ៍៖

គយបើកយុទ្ធនាការរិតបន្តឹងការប្រមូលពន្ធ ចូលរដ្ឋដោយចុះឆែកឆេរឃ្លាំងចំនួន៨ក្នុងក្រុង សិរីសោភ័ណ ខណៈសង្ស័យមានលួចស្តុក ទំនិញគេចពន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គយបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការស្វែងរកបង្រ្កាប ទំនិញគេចពន្ធខុសច្បាប់ក្នុងវិធានការរិត បន្តឹងប្រមូលពន្ធចូលរដ្ឋដោយចុះឆែកឆេរត្រួតពិនិត្យទៅលើឃ្លាំងចំនួន៨ ស្ថិតក្នុង ក្រុងសិរីសភ័ណ ខេត្តបន្ទាយមានជ័យ ។

គយបានពិនិត្យរកឃើញទំនិញស្តុកក្នុងឃ្លាំងមួយចំនួនមានភាពមិនប្រក្រតី ទំនិញខ្លះមិនមានបង្កាន់ដៃបង់ពន្ធនោះឡើយ ។ ប្រតិបត្តិការចុះបង្រ្កាបទំនិញក្នុងឃ្លាំងក្នុងក្រុងសិរីសោភ័ណបានចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយ មានជ័យ និងលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការនោះបានបន្តរហូត ដល់ល្ងាចថ្ងៃដដែលមិនទាន់ចប់សព្វគ្រប់នៅឡើយនោះទេ ។ ប្រតិបត្តិការចុះបង្រ្កាបទំនិញនៅក្នុងឃ្លាំងនោះដែរក៏ត្រូវគេមើលឃើញថាពន្ធចំណូលគយនៅខេត្តបន្ទាយមានជ័យមានការថយចុះបន្តិចក្នុងរយៈពេល២ទៅ៣ខែចុងក្រោយនេះ ។ ការរស៊ីគេច ពន្ធខុសច្បាប់នោះហើយធ្វើឱ្យរដ្ឋខាតបង់ប្រាក់ពន្ធចំណូលយ៉ាងសន្ធឹកសន្ធាប់ ។

លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ការចុះឆែកឆេរត្រួតពិនិត្យឃ្លាំងចំនួន៨ រកឃើញឈ្មួញជាម្ចាស់ទំនិញចំនួន៥នាក់ ។ មន្រ្តីគយបានពិនិត្យឃើញថាមានទំនិញស្តុកក្នុងឃ្លាំងមួយចំនួនគ្មានបង្កាន់ដៃបង់ពន្ធដោយឡែកទំនិញខ្លះទៀតបានបង់ពន្ធត្រឹមត្រូវ ។

លោកប្រាប់ឱ្យដឹងទៀតថាការឆែកឆេរត្រួតពិនិត្យមន្រ្តីគយមិនទាន់អនុវត្តចប់នីតិវិធី នៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថាមានទំនិញចំនួនប៉ុន្មានដែលគ្មានបង្កាន់ដៃបងពន្ធនដែរ រង់ចាំមន្រ្តីជំនាញអនុវត្តតាមនីតិវិធីឱ្យចប់សព្វគ្រប់នោះសិន ។

លោកប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា ក្រោយ ពីបញ្ចប់នីតិវិធីនៃឆែកឆេរត្រួតពិនិត្យរួចហើយ ។ បើរកឃើញទំនិញគ្មានបង្កាន់ដៃបង់ពន្ធចាត់ទុជាទំនិញគេចពន្ធខុសច្បាប់ ហើយតម្រូវឱ្យម្ចាស់ទំនិញត្រូវចូលខ្លួនបង់ពន្ធគយអនុវត្តតាមនីតិវិធីច្បាប់ ។

លោកប្រាប់ឱ្យដឹងទៀតថា ទំនិញដែលរកឃើញគ្មានបង្កាន់ដៃបង់ពន្ធគឺភាគច្រើនឈ្មួញដឹកជញ្ជូនលួចលាក់តាមរថយន្តធុនតូចចេញពីក្រុងប៉ោយប៉ែត ។ ទំនិញដឹក បង្កប់តាមរទះកម្មករ និងទំនិញហូរចូលតាម ច្រករបៀង ។ សកម្មភាពនៃការដឹកទំនិញតាមរថយន្តធុនតូចកន្លងមកបានបង្កឱ្យមានបញ្ហាកើតឡើងដោយក្រុមអ្នកបើករថយន្តដឹកទំនិញទាំងនោះបានធ្វើសកម្មភាព ប្រឆាំងតវ៉ាជាមួយគយធ្វើបាតុកម្មបិតផ្លូវជាតិ នៅពេលមន្រ្តីគយអនុវត្តច្បាប់ចាប់ ទំនិញដឹកតាមរថយន្តធុនតូចទាំងនោះ។

លោកប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការនៃការបង្រ្កាបទំនិញក្នុងឃ្លាំងខាងលើគឺ ចង់ឱ្យ ក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់មកងាករកការធ្វើជំនួញស្របច្បាប់ត្រឹម ត្រូវវិញ ។ ដើម្បីបង្កើនចំណូលពន្ធចូលរដ្ឋ ប្រសើរឡើង ។

លោកឆែ សុធា ប្រធានសាខាគយនិង រដ្ឋាករខេត្តបន្ទាយមានជ័យបញ្ជាក់ឱ្យដឹងទៀតថា នៅខេត្តបន្ទាយមានជ័យការប្រមូលពន្ធចូលរដ្ឋគិតជាធ្យមក្នុង១ថ្ងៃ៥០ម៉ឺន ដូល្លារ ។ចំណូលពន្ធដែលប្រមូលបានច្រើនគឺទៅលើការនាំចូលរថយន្ត ប៉ុន្តែសម្រាប់ការប្រមូលពន្ធចូលរដ្ឋនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការធ្លាក់ចុះបន្តិច ដោយសារតែរដូវនេះជារដូវភ្លៀង ហើយការនាំចូលរថយន្តក៏មានការថយចុះនោះ ផងដែរ ៕ សំ វិច្ឆិកា
IMG_0282 IMG_0281 IMG_0280 IMG_0279 IMG_0278 IMG_0277 IMG_0284

 
សូមអានបន្ត ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សស្រុកភ្នំក្រវាញនៅតែកើតមាន


ចែករំលែក៖