ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបថា រយៈពេល៩ថ្ងៃ(គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការរូបនេះ សូមជម្រាបជូនបន្ថែមថា ក្រុមការងារបច្ចេកទេស មានការសហការគ្នាល្អក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងបឹងមានទឹកជ្រៅ មានព្រៃដែលត្រូវចុះដើរឆ្កាព្រៃ បន្លា ដើម្បីទៅដល់។
ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងដើម្បីជួយសម្របសម្រួលការអនុវត្តការងារឱ្យបានរលូន៕
ដោយ៖ តារា