ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ៖ ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅភ្នំពេញទទួលបានការពេញចិត្តពីប្រជាពលរដ្ឋច្រើន

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ៨២%។

  ការបញ្ជាក់បែបនេះ របស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

      ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានអរគុណចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។

  ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២%។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានបន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ។ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាអោយការងារនោះដំណើរការទៅដោយរលូននិងជោគជ័យ។

  ពិធីនេះ ត្រូវបានប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន១៤រូប ក្នុងនោះ៖  ១-លោក ជ គឹមស៊ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។ ២-លោក សាំង សុភៈវិចិត្រ អភិបាលរងនៃគណៈអភិបាលខណ្ឌ សែនសុខ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។ ៣-លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ។៤-លោក ជា សុធារ៉ា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។ ៥-លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា។ ៦-លោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌ ឫស្សីកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ។ ៧-លោក ទៀវ  សំអឿន អភិបាលរងនៃគណៈអភិបាលខណ្ឌ ទួលគោក ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។ ៨-លោកស្រី ហួត ឃឹម អភិបាលរងនៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ។ ៩ លោក ទុយ ច័ន្ទ ជាអភិបាលរងនៃគណៈអភិបាលខណ្ឌ ដង្កោ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។ ១០ លោក ញ៉ែម គឹមអាង ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។

១១ លោក បែល សក្តិភក្តី ឱ្យកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាលខណ្ឌដង្កោ។១២ លោកស្រី លឹម លាងហួរ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ។ ១៣ លោក អ៊ី ពៅ ឱ្យកាន់មុខតំ ណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា។

១៤ លោកជា វង្សចិន្តា តែងតាំងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ៕

ដោយ ៖ សំរិត


ចែករំលែក៖