ព័ត៌មានទាន់ហេតុការណ៍៖

សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន រួមមាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងអង្គការ សមាគមនសង្គមស៊ីវិលនៅទូទាំងប្រទេស ហើយសកម្មភាពបាននិងកំពុងបន្តរួមគ្នា ជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិ សម្រាប់ ឆ្នាំ២០២៥»។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ធ្នាំ២០២៥ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមសាមគ្កីគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្ពោះទៅកម្ពុជាដែលផ្ទះរបស់យើងទាំងអស់គ្នាស្អាត។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលកំពុងបានសម្អាតនៅតាមមូលដ្ឋាន កន្លែងកម្សាន្ត និងទីប្រជុំជននានា ជាពិសេសនៅតាមផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ និងផ្លូវជាតិមួយចំនួនទៀត លើទីតាំងនៅតាមឃុំ-សង្កាត់ នៃបណ្តាក្រុង ស្រុក ខណ្ឌ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

សូមបញ្ចាក់ថា ទាក់ទងនឹងភាពស្អាត ក្រសួងបានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយ បង្កើនចំណេះដឹងស្តីពីការទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង៩,៧លានអង្គនាក់ និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមអនុវត្តប្រមាណជាង ៣,៦លាន អង្គនាក់។ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។ លើសពីនេះ ក្រសួងបរិស្ថានបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អ។ 

តាមរយៈយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ក្រសួងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ កន្លងមកលទ្ធផលគុណភាពខ្យល់នៅកម្ពុជារក្សាបានកម្រិតស្តង់ដាបានល្អ ពុំមានការបំពុលបរិយាកាស នាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនោះឡើយ ហើយព័ត៌មានស្តីពីសន្ទស្សន៍គុណភាពខ្យល់ ត្រូវបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណជនផងដែរ។

ក្រសួងបរិស្ថាននៅឆ្នាំ២០២៥ខាងមុខ នឹងដាក់ចេញយុទ្ធនាការចុះត្រួតពិនិត្យការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅតាមរាជធានីខេត្តទូទាំងប្រទេស  ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុពុល ចូលប្រភពទឹកសារធារណៈ។ ក្រសួងបរិស្ថាននឹងចាត់វិធានការ មិនលើកលែងចំពោះរោងចក្រ សហគ្រាសណា ដែលបានលួចបញ្ចេញសំណល់រាវ ដែលនាំឱ្យមានការពុល ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក្រសួងបរិស្ថាននឹងធ្វើការចុះត្រួតពិនិត្យនៅតាមទីលានទុកដាក់សំរាម ដើម្បីពង្រឹងការគ្រប់គ្រងទីលាន ទុកដាក់សំរាម ប្រកបដោយអនាម័យ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសជៀងវាងផលប៉ះពាល់នានា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖