ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី៖ បេក្ខជនដែលបានប្រឡងជាប់និងធ្លាក់បាក់ឌុប ត្រូវប្រកាន់ភ្ជាប់គំនិតវិជ្ជមាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប  ទោះជាប់ឬធ្លាក់បាក់ឌុប ត្រូវប្រកាន់ភ្ជាប់គំនិតវិជ្ជមាន ខណៈដែលការប្រឡងបាក់ឌុប គឺមិនមែនជាឧបសគ្គនៃជីវិតនោះទេ ប៉ុន្តែត្រូវកសាងគោលដៅនៃជីវិតបន្តទៀត។

សម្តេចធិបតីថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការរកគ្រូទាយឬឪពុកម្តាយស្រោចទឹកឱ្យអាចធ្វើទៅបាន ប៉ុន្តែអ្វីដែលត្រូវធ្វើគឺការខិតខំរៀនសូត្រ ដោយទទួលលទ្ធផលជាប់ដោយមោទនៈនិងធ្លាក់ក៏អស់ចិត្ត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្មួយៗដែលប្រឡងបាក់ឌុបទាំងអស់ត្រូវចាត់ទុកថា ការប្រឡងបាក់ឌុបនេះមិនមែនជាឧបសគ្គសម្រាប់ជីវិតទេ ប៉ុន្តែវាជាការវាស់ស្ទង់នូវការត្រៀមលក្ខណៈរបស់ខ្លួននៃជីវិត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវដែលត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគត។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងជីវិតនេះ មិនមានបុគ្គលណាជោគជ័យជារៀងរហូតនោះឡើយ ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយបន្តប្រឹងប្រែងដោយមិនរាថយ មិនចុះចាញ់ ហើយកុំខ្លាចនឹងការប្រឈមជាមួយអ្វីៗក្នុងជីវិត ទោះបីជាយើងត្រូវចេះម្ចាស់ការខ្លួនឯងក៏ដោយ តែវានឹងជួយឱ្យយើងកាន់តែរឹងមាំ ៕

ដោយ ៖ សិលា


ចែករំលែក៖