តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័របានបង្ហាញឲ្យឃើញថា ឱកាសដែល លោកស្រី គ្លីនតុន ទទួលបានជ័យជម្នះ មានរហូតដល់ទៅ៩៥ភាគរយគឺជាចំនួនយ៉ាងច្រើនដែលជាក្តីសង្ឃឹមរបស់លោកស្រីក្រោយបរាជ័យកាលពី៨ឆ្នាំមុន។
តាមការស្ទង់មតិលោកស្រី គ្លីនតុន នាំ មុខលោក ត្រាំ ៦ពិន្ទុ ហើយនៅក្នុងរដ្ឋធំៗ ចំនួន១៩ដែលមានពលរដ្ឋច្រើនជាងគេ បានគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន។
ចំណែកបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខ លោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រី ហ៊ីលឡារី គ្លីនតុន។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា “ខ្ញុំជាមនុស្សនិយាយត្រង់ ហើយអ្វីដែលខ្ញុំបានធ្វើនិងនិយាយគឺជាការ ពិត ហើយប្រសិនបើក្នុងរយៈពេល៩០ថ្ងៃទៀតខ្ញុំបរាជ័យដោយសារតែសម្តីពិតនៅក្នុងឆាកនយោបាយនោះខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជីវិតដូចដើមវិញមិនមានអ្វីខុសប្រក្រតីឡើយ”។
លោក ត្រាំ បញ្ជាក់ទៀតថា “ទាំងនោះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំគិត ថា ខ្ញុំនឹងទទួលបានជ័យជម្នះជាមួយអ្វីដែល ខ្ញុំបានធ្វើនាពេលនេះ បើផ្ទុយទៅវិញខ្ញុំនឹងត្រៀមពេលវេលាសម្រាប់ការសម្រាកកាយ យូរអង្វែង”។
និយាយអំពីការព្រួយបារម្ភរបស់ខ្លួននៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ វិញលោក ត្រាំ នៅតែមានក្តីសង្ឃឹមជានិច្ច។ នៅក្នុងការស្ទង់មតិរបស់បណ្តាញព័ត៌មាន NBC និង Wall Street Journal បង្ហាញឲ្យ ឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន នាំ មុខលោក ត្រាំ តែ៧ទៅ១១ភាគរយប៉ុណ្ណោះ សម្រាប់ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះជាមួយនឹងសម្តីបង្កឲ្យមាន វិវាទលោក ត្រាំ បានធ្វើឲ្យអ្នកនយោបាយឆ្នើមៗរបស់គណបក្សសាធារណរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់នាពេល អនាគតដល់គណបក្សអាចធ្វើឲ្យពលរដ្ឋអាមេរិកបាត់ជំនឿទៅលើគណបក្សសាធារណរដ្ឋនាពេលខាងមុខ។
កាលពីថ្ងៃទី១០ ខែសីហា លោក ត្រាំ បានចោទប្រកាន់ប្រធានាធិបតី អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នក បង្កើតក្រុមIS។ លោក ត្រាំ ធ្លាប់បានប្រកាស ថា ISបានគោរពប្រធានាធិបតី អូបាម៉ា ដែលជាអ្នកបានបង្កើតក្រុមនេះឡើង ហើយខ្ញុំអាចនឹងនិយាយបានថា លោក ស្រី គ្លីនតុន ក៏ជាអ្នករួមគំនិតបង្កើតក្រុម ភេរវកម្មនេះឡើងផងដែរ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា បុគ្គលណាមួយក្តីបើធ្វើរឿង អាក្រក់មិនអាចក្លាយជាប្រធានាធិបតីអាមេ រិកបានទេ។ លោកស្រីបញ្ជាក់ថា វាមិន មែនជាការពិតឡើយ ដែលថាប្រធានាធិបតី អូបាម៉ា បង្កើតក្រុមIS ប្រធានាធិបតីអាមេ រិកមិនអាចធ្វើរឿងអាក្រក់បែបនេះទេ។
ក្រៅពីការចោទប្រកាន់លោកស្រី ហ៊ីល ឡារី គ្លីនតុន ជាអ្នករួមគំនិតបង្កើតក្រុមIS លោក ត្រាំ ក៏បាននិយាយគំរាមកំហែងដល់ លោកស្រី ហ៊ីលឡារី គ្លីនតុន ថាលោកស្រីអាចនឹងរងការធ្វើឃាតពីក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិក។ ការប្រកាសនោះមិនខុសអ្វីពីការជំរុញឲ្យក្រុមជនល្មើស ដែលពេញចិត្តនឹងការប្រើប្រាស់កាំភ្លើងឲ្យបាញ់សម្លាប់លោកស្រីឡើយ។
បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានថ្កោលទោសយ៉ាងខ្លាំងក្លាដល់គូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ថា បានដើរហួស ព្រំដែននៅពេលដែលលោកនិយាយជំរុញឲ្យមានអំពើហិង្សាកើតឡើងសំដៅមកលើលោកស្រី។
កាលពីថ្ងៃទី១០ ខែសីហា លោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់នៅក្នុងពេល និយាយទៅកាន់អ្នកគាំទ្រលោកស្រីក្នុងទីក្រុង Des Moines រដ្ឋ Iowa ថា «កាលពី ពេលកន្លងទៅថ្មីៗនេះយើងបានឮសម្តី និយាយខ្វះស្មារតីទទួលខុសត្រូវរបស់ លោក ត្រាំ ហើយការនិយាយនោះគឺដើរ ហួសព្រំដែន »។ លោកស្រីបញ្ជាក់ទៀតថា សម្តីរបស់បេក្ខភាពប្រធានាធិបតីឬក៏ក្លាយជាប្រធានាធិបតី សម្តីទាំងនោះនឹងនាំមកនូវផលអាក្រក់សម្រាប់សង្គមជាតិ។
នៅមុននេះមួយថ្ងៃលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិកអាចនឹងធ្វើឃាតលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រសិនបើលោកស្រីជំរុញឲ្យអនុម័តច្បាប់ហាមប្រាមប្រើប្រាស់កំាភ្លើងនៅអាមេរិកនោះ៕ ម៉ែវ សាធី
សូមអានបន្ត ៖ បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់អាមេរិក ចិននិងរុស្ស៊ីមួយណាលឿនជាង