សារព័ត៌មាន FoxNews បានផ្សាយថាមានករណីវាយប្រហារភេរវកម្មបង្កឡើងដោយក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះកើតឡើង នៅសាលារៀនអាមេរិកមួយកន្លែងបណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស។
បន្ទាប់ពីការការវាយប្រហារសិស្សសាលា ទាំងអស់បានបញ្ជូនទៅកាន់កន្លែងមាន សុវត្ថិភាពក្រោយរយៈពេល១២ម៉ោងបន្ទាប់ ពីការវាយប្រហារដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃ២៤ ខែសីហា។ ស្នងប៉ូលិស ក្រុងកាប៊ុលបានលើកឡើងថា សិស្សសាលា ចំនួន៧០០នាក់ត្រូវបានជួយសង្គ្រោះឲ្យ គេចចេញពីសាលាដើម្បីទៅកាន់កន្លែងមាន សុវត្ថិភាព។
ពាក់ព័ន្ធនឹងករណីវាយប្រហារលើ សាលាអាមេរិកាំងនេះដែរ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកបានថ្កោលទោស យ៉ាងខ្លាំង ហើយនេះជាលើកទី២ហើយ ដែលក្រុមសកម្មប្រយុទ្ធដាក់គោលដៅ វាយប្រហារលើសាលាអាមេរិកាំង។
ការវាយប្រហារខាងលើបង្ហាញឲ្យឃើញ ថា ក្រុមភេរវករនៅតែបន្តវាយប្រហារ សំដៅទៅលើគោលដៅនានារបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន កម្លាំងទាហានអាមេរិកនៅទីនោះមានចំនួន តិចដើម្បីហ្វឹកហាត់ និងផ្តល់ប្រឹក្សាដល់ ទាហានអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ ៕ ម៉ែវ សាធី