ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាម្នាក់ករណីលួចម៉ូតូ និងរទេះអូសកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១០ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ខុំ ពេជ្រចារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តឧត្តមានជ័យ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូ និងរទេះអូស របស់ជនរងគ្រោះឈ្មោះ សាំង មាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរធ្វើចំការ នៅខណៈពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូតូសន្តោងរទេះ ដែលជនរងគ្រោះចតនៅចិញ្ចើមផ្លូវភ្លេចដកសោរ ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រផាប់ប្រភីង រហូតដល់ចំណុចភូមិតាំងយូ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង រួចរាយការដល់សមត្ថកិច្ចស្រុកភ្នំព្រឹក ។
ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការឃាត់នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខុំ ពេជ្រចារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តឧត្តមានជ័យ មុខរបរ មិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូ និងរទេះអូស របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន ៖
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០០៨ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ1A-9716
-រទេះអូស ចំនួន០១ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តារា