ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ករណីក្រុមក្មេងទំនើង» នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងអំពីករណីក្មេងទំនើង ដែលបានធ្វើសកម្មភាពហិង្សា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ការផ្ដន្ទាទោសអនុវត្តទៅតាមច្បាប់ជាធរមាន ហើយគ្មានក្មេងទំនើងណាម្នាក់ ដែលត្រូវបានរត់គេចខ្លួនពីសំណាញ់ច្បាប់ឡើយ។
លោករដ្ឋលេខាធិការរូបនេះ បានលើកឡើងនូវករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពប្រហារទៅលើជនរងគ្រោះម្នាក់បណ្ដាឱ្យដាច់ដៃម្ខាង ហើយតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ជនសង្ស័យម្នាក់៧ឆ្នាំ និងជនសង្ស័យម្នាក់ទៀត ៤ឆ្នាំ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា «អ្វីដែលតុលាការបានសម្រេច គឺសម្រេចតាមច្បាប់ជាធរមាន បើសិនជាច្បាប់ចែងឱ្យដាក់ទោសធ្ងន់៧ឆ្នាំ គឺដាក់៧ឆ្នាំ បើចែងទោសធ្ងន់៤ឆ្នាំ គឺដាក់៤ឆ្នាំ ថ្វីដ្បិតតែទោសខុសគ្នាក៏ពិតមែន ប៉ុន្តែបើឱ្យអត់ឱន ធ្វើធូររលុង ឱ្យរួចខ្លួន គឺគ្មានទេ»។ ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ករណីក្រុមក្មេងទំនើង» ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបករណីក្មេងទំនើង ដែលពមានសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព បង្ការភាពអនាធិបតិតេយ្យនៅក្នុងសង្គម។
បន្ទាប់ពីទទួលបទបញ្ជាការម៉ឺងម៉ាត់នេះ ក្រសួងពាក់ព័ន្ធបានសហការគ្នាយ៉ាងជិតដិត ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង ចាប់ផ្ដើមតាំងពីជាង៦០០ករណីក្នុងមួយខែ រហូតមកសល់ត្រឹមជាង៣០០ករណីក្នុងមួយខែ៕
ដោយ៖ តារា