ភ្នំពេញ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំ លោក អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំ ជាដំណោះស្រាយ ដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួនដូចខាងក្រោម÷
– សូមឲ្យមន្រ្តីទាំងអស់ខិតខំអនុវត្តការងារដែលនៅសេសសល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំង ខិតខំសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ
– ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤ របស់អគ្គនាយកដ្ឋាន តាមរយៈផែនការសកម្មភាពឆ្នាំ២០២៥ ត្រូវជំរុញអនុវត្តសកម្មភាពការងារ សម្រេចឲ្យបានតាម សូចនាករដែលបានកំណត់តាមដំណាក់កាលនីមួយៗ
– ពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សេចក្តីណែនាំ និងសេចក្តីសម្រេចឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋាន
– គ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋាន ត្រូវពិនិត្យគ្រប់ការងារជំនាញស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប្រមូលផ្តុំប្រើប្រាស់ធនធានមនុស្សដែលមានឲ្យអស់លទ្ធភាព
– ជំរុញលើកទឹកចិត្ត ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានស្របតាមបរិបទថ្មី ក្នុងការធ្វើទំនើបកម្ម ការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (បន្សំគ្នារវាងធនធានសម្ភារៈ និងធនធានមនុស្ស)
– ដើម្បីឆ្លើយតបការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខត្រូវពិនិត្យ រៀបចំឯកសារនានាពាក់ព័ន្ធការងារគ្រប់គ្រងពន្ធនាគារ សមាសភាពចូលរួម និងប្រធានបទក្នុងក្រុមពិភាក្សា។
ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ៕
ដោយ៖ អគ្គនាយដ្ឋានពន្ធនាគារ