ភ្នំពេញ ៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស ហើយត្រូវបង្កើនការគ្រប់គ្រង នៃការស្នាក់នៅរបស់ជនបរទេសផងដែរ។
ការលើកឡើងរបស់ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក សុខ វាសនា បានពាំនាំនូវប្រសាសន៍ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា «យើងពុំគួរបន្តលើកឡើងជាបញ្ហាប្រឈមដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ តទៅទៀតនោះទេ ត្រូវរួមគ្នារិះរកវិធី និងយន្តការដោះស្រាយឱ្យអស់ពីលទ្ធភាព»។
មានប្រសាសន៍នាឱកាសនោះ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រសាសន៍ជំរុញឲ្យអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស, ត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេស រួមទាំងចុះត្រួតពិនិត្យឲ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមាន ជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
លោក បន្តទៀតថា ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕
ដោយ ៖ សិលា