ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងមួយក្រុុមទៀតហើយ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០៥នាក់ ពីបទ៖ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាន បញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង ០១ក្រុម មានគ្នា ០៥នាក់ ១.ឈ្មោះ ភ័ក្រ ដែន ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ ផាត ដារ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ ផាត ខេមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ អាន ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ និង ៥.ឈ្មោះ នី តន ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូចំនួន ០៣គ្រឿង លុះជិះមកដល់ចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការ សង្ស័យសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានហៅឱ្យឈប់ និងធ្វើការឆែកឆេររកឃើញដាវដែកកែច្នៃ ចំនួន ០១ដើម ដែលជនសង្ស័យឈ្មោះ ភ័ក្រ ដែន សៀតជាប់ពីក្រោយខ្នង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៥នាក់ យកមក សាកសួរតែម្តង។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០៥នាក់ ពីបទ៖ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿង ព្រមទាំងជនសង្ស័យទៅចៅក្រមស៊ើបសួរដើម្បី ចាត់ការបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖