ភ្នំពេញ៖ នគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានចុះទៅធ្វើការផ្សព្វផ្សាយផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសបញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាជាច្រើនទៀត នៅក្នុងសាលាពពិភពបញ្ញា ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ពិធីនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯកហុង ពិសដ្ឋ អធិការនគរបាលខណ្ឌកំបូល ដោយមានការចូលរួមដោយលោកស្រី វរៈសេនីយ៍ទោ ផុន វណ្ណា ឋានៈអធិការរង ផែនសេនាធិការ។
លោក វរសេនីយ៍ទោ ផន វុត្យា អធិការរង ប្រឆាំងបទល្មើសគ្រឿងញៀន ,លោកវរៈសេនីយ៏ទោ ហេង គីណាល់ អធិការរង ផែនសណ្ដាប់ធ្នាប់ចរាចរណ៍ ។ លោកស្រី វរៈសេនីយ៍ទោ សាន សុខហេង អធិការរង សណ្ដាប់ធ្នាប់ចរាចរណ៍,លោកវរសេនីយ៍ត្រី ជា ហ្សឺឌី អធិការរងផែនការពារ និងអន្តរាគមន៍ លោកវីរៈសេនីយ៍ត្រី ភិន ភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ,លោកកែវសំអាត ក្រុមប្រឹក្សា សង្កាត់កំបូល ព្រមទាំងលោកគ្រូអ្នកគ្រូ សាលាព និងសិស្សានុសិស្ស សរុបចំនួន ១៩៨នាក់ ស្រីចំនួន១០៤នាក់។
នៅក្នុងឱកាសនោះលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានថ្លែងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្រៅពីការបង្រ្កាបនិងចាប់ខ្លួនបទល្មើសផ្សេងៗនោះ បញ្ហាក្មេងទំនើងគឺជាបញ្ហាក្ដៅ ដែលអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវនិងបង្រ្កាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកអធិការបានថ្លែងបន្តថា ក្រៅពីការបង្រ្កាបលោកបានដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមសាលារៀនរដ្ឋនិងឯកជនព្រមទាំងតាមបណ្ដាភូមិ ទីប្រជុំជនរបស់សង្កាត់នានាទូទាំងខណ្ឌកំបូល ស្ដីពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសបញ្ហាក្មេងទំនើងតែម្ដង ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ ។ ជាក់ស្ដែងនៅវេលាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះលោកបានដឹកនាំកម្លាំងចុះផ្សព្វផ្សាយនៅក្នុងសាលាពិភពបញ្ញា ដោយបាននាំយកស្លាយ និងវីដេអូឃ្លីប ការបង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់ដែលទើបបង្រ្កាបបានចុងក្រោយ បញ្ចាំងឲ្យសិស្សសាលាខាងលើទស្សនាផងដែរ ។
លោកអធិការបានណែនាំកុំឲ្យសិស្សសាលាទាំងអស់យកគំរូតាម ឬបង្កើតបក្សពួក តាំងខ្លួនជាក្មេងទំនើងឬក្រុមបងធំ និងប្រព្រឹត្តល្បែងអបាយមុខផ្សេងៗ ពិសេសមួយទៀតការសពឬជួញដូរគ្រឿងញៀនឲ្យសោះ ក្រៅពីនេះកុំភ្លើតភ្លើនក្នុងការបើកបរលឿនហួសហេតុ ។ ត្រូវគោរពច្បាប់ចរាចរ ចៀសវាងមានគ្រោះថ្នាក់បាត់បង់អនាគត ឬស្លាប់បាត់បង់ជីវិត ហើយត្រូវតែខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ឲ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាូនល្អ និងសិស្សល្អ ។
លោកអធិការក៏បានឲ្យលេខទូរស័ព្ទរបស់លោកដែលតេឡេក្រាមទៅកាន់សិស្សទាំងអស់ ដើម្បីរាយការណ៍នៅពេលមានគ្រោះអគ្គិភ័យកើតឡើង ឬ មានការគម្រាមកំហែងពីជនណាម្នាក់ ដើម្បីលោកដឹកនាំបញ្ជាកម្លាំងជួយអន្តរាគមន៍បានទាន់ពេលវេលា ។ លោកក៏បានសំណូមពរដល់មាតាបិតាអាណាព្យាបាលសិស្សគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបង្រ្កាបក្មេងទំនងនេះ ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា ។ បន្ទាប់មកលោកក៏បានអនុញ្ញាតឲ្យលោក លោកស្រី ដែលជាអធិការរងនគរបាលទទួលផែននីមួយៗ ឡើងផ្សព្វផ្សាយរាល់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៃសាលាពិភពបញ្ញានោះផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា