ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង នៅចុងឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគោរពទៅតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក៏មានហេតុការណ៍ដែលបង្កដោយក្រុមក្មេងទំនើងកើតឡើងដែរ នៅខណ្ឌច្បារអំពៅ និងខណ្ឌកំបូល ប៉ុន្ដែត្រូវកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ តាមរយៈកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តកែប។
បើតាម លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គ្រប់ហេតុការណ៍ដែលកើតឡើង គឺសមត្ថកិច្ចជំនាញរបស់លោកតែងតែធ្វើការបង្ក្រាបបានជាបន្ដបន្ទាប់ បើទោះបីទប់ស្កាត់មិនទាន់បានទាំងស្រុងយ៉ាងណាក៏ដោយ។
លោក ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា សម្រាប់ឆ្នាំ២០២៥នេះ លោក បានដាក់បទបញ្ជារួចហើយ គឺត្រូវតែបង្កើនសកម្មភាពទ្វេរដងក្នុងបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាប។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហើបអំពីផែនការចំពោះមុខដែលលោកបានដាក់ចុះ ក្នុងមានទាំងការងារផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋានក្នុងវេទិកាសាធារណៈ, ពង្រឹងអនុវត្តវិធានការជំនាញ និងរឹងបន្ដឹងវិធានការច្បាប់។
លើសពីនេះ លោក ឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាដល់ស្នងការរងទទួលការងារព្រហ្មទណ្ឌ ពិសេសទទួលដឹកនាំការងារបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើង ត្រូវចុះធ្វើបច្ចុប្បន្នភាពនៅតាមមូលដ្ឋានទាំងមុខសញ្ញាបង្ហោះម៉ូតូ ឬកែច្នៃមធ្យោបាយនានាដើម្បីជាចំណែកក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងន័យនេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើសុំកិច្ចសហការជាមួយឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ដើម្បីឲ្យជួយផ្ដល់ព័ត៌មាន ឬរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងករណីមានសង្ស័យណាមួយពាក់ព័ន្ធសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន។ លោក អះអាងថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
បន្ថែមពីនេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបកស្រាយនូវចម្ងល់មួយរបស់មហាជនពាក់ព័ន្ធវត្ថុតាង ដែលមានមធ្យោបាយប្រើសម្រាប់ធ្វើសកម្មភាព ដូចជា ដាវ និងកាំបិតជាដើមនោះ គឺសុទ្ធតែជាសម្ភារកែច្នៃដោយក្រុមក្មេងទំនើងនោះផ្ទាល់តែម្ដង។
ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែដាក់បទបញ្ជាដល់នគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យបន្ដយកចិត្តទុកដាក់តាមដានពិនិត្យទីតាំងលក់វត្ថុអនុស្សាវរីយ៍ ដែលមានសម្ភារមួយចំនួនយកទៅកែច្នៃជាដាវ ឬកាំបិតបាន ដើម្បីជាចំណែកបង្ការ និងទប់ស្កាត់កុំឲ្យធ្លាក់ទៅដល់ដៃក្រុមក្មេងទំនើង៕
ដោយ ៖ សិលា