ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាតព្វកិច្ចរបស់បុគ្គលដែលប្រកបអាជីវកម្មបូមស្តារ និងដឹកជញ្ជូន ចំពោះកម្មករ និយោជិតរបស់ខ្លួន។
ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីប្រព័ន្ធទឹកកខ្វក់ មាត្រា៧៦ បានចែងថា ៖ បុគ្គលដែលប្រកបអាជីវកម្មបូមស្តារ និងដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចចំពោះកម្មករ និយោជិតរបស់ខ្លួន ដូចខាងក្រោម៖
១- ផ្តល់ការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពក្នុងការបូមស្តារ ការដឹកជញ្ជូន និងការបញ្ចេញចោលទឹកកខ្វក់ ទៅក្នុងកន្លែង ឬទីតាំងកំណត់របស់ភ្នាក់ងារមានសមត្ថកិច្ច។
២- ផ្តល់ឧបករណ៍សុវត្ថិភាពដល់បុគ្គលិកប្រតិបត្តិការបូមស្តារ និងដឹកជញ្ជូនផ្ទាល់។
៣- ផ្តល់ការណែនាំអំពីបទដ្ឋានសម្រាប់ប្រើប្រាស់ឧបករណ៍បូមស្តារ និងដឹកជញ្ជូន និងឧបករណ៍ការពារសុវត្ថិភាព។
៤- ផ្តល់ការណែនាំអំពីវិធីត្រួតពិនិត្យ និងថែទាំឧបករណ៍ប្រើប្រាស់បូមស្តារ និងដឹកជញ្ជូនជាប្រចាំ។ គោលការណ៍ណែនាំស្តីពីការប្រើប្រាស់ឧបករណ៍សុវត្ថិភាព ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន៕
ដោយ៖ តារា