ព័ត៌មានទាន់ហេតុការណ៍៖

សាសនិកអ៊ិស្លាមភូមិព្រែកតូចឃុំទន្លេបិទផ្ទុះការតវ៉ាបញ្ហាតែងតាំងអីុម៉ាំវិហារអ៊ិស្លាមក្រោយពីថ្នាក់លើពុំទាន់មានដំណោះស្រាយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃសុក្រ ទី២៦ សីហា ឆ្នាំ២០១៦ បងប្អូនសាសនិកអ៊ិស្លាមចំណុះវិហារអ៊ិស្លាមភូមិព្រែកតូច ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំបានតវ៉ាដោយលើកបដាប្រឆាំងនឹងការតែងតាំងឡើងវិញអីុម៉ាំវិហារដោយ លោក អីុម៉ាំស្រុកត្បូងឃ្មុំបន្ទាប់ពីលោក អីុម៉ាំវិហារនេះត្រូវបានអ្នកភូមិដកសេចក្តីទុកចិត្តហើយបានប្រកាសលាឈប់ពីតំណែង ។
តាមលិខិតរបស់ប្រជាពលរដ្ឋក្នុងភូមិដែលបានផ្ញើ ជូនថ្នាក់លើគ្រប់ជាន់ថ្នាក់ចុះថ្ងៃទី៣១ ខែកក្កដា កន្លងទៅនោះបាន បញ្ជាក់ថាលោក ទូល័ស អេល ជាហាកឹមបានដឹងកំហុសហើយបានសុំលាឈប់ពីហាកឹមកាលពីថ្ងៃសុក្រទី២២ខែ មិថុនា ឆ្នាំ២០១៦ ហើយគាត់ក៏បានសុំទោសចំពោះមុខសាសនិកអ៊ិស្លាមដែលបានមកចូលរួមថ្វាយបង្គំនៅថ្ងៃសុក្រនោះផងដែរអំពីកំហុសឆ្គងរបស់គាត់ ។
ក្រោយមកលោកមេភូមិបានរៀបចំបេក្ខភាព៥រូបដែលចាស់ព្រឺទ្ធាចារ្យនិងអ្នកភូមិមិនឯកភាពដោយស្នើរើសអ្នកដែលមានលទ្ធភាពនិងចេះដឹងតែមេភូមិមិនព្រម ។
នៅក្នុងបដាដែលសរសេរដោយអ្នកភូមិពេលតវ៉ានោះអ្នកភូមិបានប្រឆាំងនឹងការតែងតាំងវិញនូវហាកឹមអេលនិងគាំទ្រ ឈ្មោះ អេល ម៉ាត់ធ្វើជាហាកឹមវិញ ។ ពិសេស ក្នុងបដានោះបាន ថ្កោលទោស ហាជី ស៊ុលដែលជាអីុមាំស្រុកត្បូងឃ្មុំដែលអ្នកភូមិចោទថាបានតែងតាំងហាកឹមនោះវិញនិងមិនព្រមចុះមកដោះស្រាយតាមការសន្យា ។
នគរវត្តមិនទាន់បានទាក់ទងសំការបកស្រាយបំភ្លឺពីលោក អីុមាំ ស្រុកនិងខេត្តត្បូងឃ្មុំនៅឡើយទេនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ ៕ ហេង នរិន្ទ្រ

 

5 (2) 5 (1) 5 (3)


ចែករំលែក៖