ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងដល់គ្រប់អាជីវកម្មទាំងអស់ ត្រូវមកសុំច្បាប់អាជីវកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផុតកំណត់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់ សាធារណៈជនឲ្យបានជ្រាបថា៖ រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំនិងប្រាតិភោគដោយ អនុប្បទាន ត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំមួយចំនួន នៅមិនទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅឡើយ។ ដូចនេះដើម្បីទប់ស្កាត់នូវ សកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកប ដោយសុច្ចរិត រដ្ឋបាលខេត្តកណ្តាល សូមក្រើនរំលឹកដល់ ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវរៀបចំបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រោយពីផុតកាលបរិច្ឆេទកំណត់ខាងលើនេះ រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍ អគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត គឺជាអំពើល្មើសដែលត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាទឹកប្រាក់ដូចមានចែងក្នុងបទប្បញ្ញត្តិ ជាធរមាន។ ក្នុងន័យនេះផងដែរ រដ្ឋបាលខេត្ត ស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមិនអនុវត្តតាមការ ណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំជាដាច់ខាត។

អាស្រ័យហេតុនេះ សូមគ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និង ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំទាំងអស់មេត្តាជ្រាប និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ៕

ដោយ ៖ សិលា


ចែករំលែក៖