ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន បូរិន ត្រូវបានប្រកាសដីកាតែងតាំងជានាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ស្របពេលមន្ទីរមួយចំនួនបានប្រកាសតែងតាំងជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ជាកាដូឆ្នាំ២០២៥

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធ និងប្រកាសដីកាតែងតាំងអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាមន្ទីរពាណិជ្ជកម្ម អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម  ប្រធាន អនុប្រធានការិយាល័យ តាមមន្ទីរចំនួន៤ទៀត។

  ក្នុងនោះ លោក ហ៊ុន បូរិន បានប្រកាសដីកាតែងតាំងជានាយករងរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្រ្តីក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តចំនួន១២រូបផ្សេងទៀតក៏បានទទួលដីកាតែងតាំងផងដែរ។

  ពិធិប្រកាសដីកាតែងតាំងនាថ្ងៃដដែលនោះ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

  ថ្លែងក្នុងពិធីនោះផងដែរ លោក សរ សុពុត្រា បានផ្តាំងផ្ញើដល់មន្រ្តីរាជការទើបបានដំណែងថ្មី ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ស្របពេលដដែលនោះ ឯកឧត្តម អភិបាលខេត្តបានស្នើសុំដល់ប្រធានមន្ទីរ          អង្គភាព ត្រូវធ្វើការវាយតម្លៃ ក្នុងការតែងតាំងមន្រ្តីរបស់ខ្លួនឱ្យសមស្របទៅនិងកិច្ចខិតខំប្រឹងប្រែងធ្វើការនៅក្នុងអង្គភាព ។

  ការប្រកាសនេះ គឺជាកាដូឆ្នាំថ្មី ឆ្នាំ២០២៥ ហើយបញ្ជាក់ជូនមន្រ្តីទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត ដើម្បីទទួលបានតួនាទីគ្រប់ៗគ្នា។ និងយកចិត្តទុកដាក់រួបរួមគ្នាបំពេញការងារដើម្បីឱ្យអង្គភាពនិមួយៗទទួលបានការរីកចំរើន ។

 លោក អភិបាលខេត្តស្ទឹងត្រែងសង្ឃឹមជឿជាក់ថា៖

  ឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីទាំងអស់គ្នានិងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានឱកាសដូចមន្រ្តីទើបកាន់តំណែងថ្មី ហើយនិងមានវឌ្ឍនភាពបន្ថែមទៀតសំរាប់ខេត្តស្ទឹងត្រែង។

 លោក អភិបាលខេត្តបានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានរៀបចំកម្មវិធីឆ្លងឆ្នាំ ដែលខេត្តស្ទឹងត្រែងបានទទួលជោគជ័យនិងមានអ្នកកំសាននៅស្ទឹងត្រែងបានច្រើនកុះកររហូតដល់ជាង១ម៉ឺននាក់ ដោយសង្ឃឹមថា តាមរយៈនៃស្មារតីនៃភាពទទួលខុសត្រូវខ្ពស់និងឆន្ទៈសំរាប់ក្រុមគ្រួសារខេត្តស្ទឹងត្រែង គឺនិងទទួលបានវឌ្ឍនភាព ឧត្តម្ភភាពបន្ថែមទៀតជាពិសេសសំរាប់សង្រ្កានឆ្នាំថ្មីនិងទទួលបានភ្ញៀវទេសចរកាន់តែមានការកើនឡើង និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖