ខេត្តកណ្ដាល៖ រថយន្តTOYOTA PRIUS មួយគ្រឿងបើកលឿនដូចហោះ បណ្ដាលឱ្យបុករបាំងថ្មពុះចែកទ្រូងផ្លូវឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចខាងមុខទីស្នាក់ការបក្សប្រជាជនខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ បានសុងហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BD-1735។
ប្រភពដដែលបន្តថា នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BD-1735 បើកបរដោយឈ្មោះ បាន សុងហេង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(រងរបួសធ្ងន់) និងមានអ្នករួមដំណើរចំនួន០២នាក់ ៖
ទី១-ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២ ឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។
រថយន្តបើកបរមានទិសដៅពីជើងទៅ ត្បូង (តាខ្មៅ-កោះធំ) ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តខ្ទាតមកឆ្វេងដៃក្រឡាប់ឆេះតែម្ដង។ ភ្លាមៗនោះមានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានជួយសង្រ្គោះអ្នកបើកបរទាញចេញពីរថយន្ត។ ចំណែកអ្នករួមដំណើរទាំងពីរនាក់បានឆេះស្លាប់នៅក្នុងរថយន្តតែម្ដង។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យជ័យជំនះ បញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមៈ។ ការខូចខាត៖ រថយន្តចំនួន០១គ្រឿង(ធ្ងន់) និងរបាំងថ្មទ្រូងផ្លូវចំនួន០១ផ្ទាំង។
មូលហេតុករណីគ្រោះថ្នាក់ខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្តបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ស្អាងជ័យ