ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សាលើការពង្រឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតំបន់ភូមិភាគឦសាន

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង ៖ លោក​ សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារដើម្បីពង្រឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតំបន់ភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ លោកប្រធាន អនុប្រធានស្ថានីយ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងប្រមូលធាតុចូលពីគ្រប់មន្ទីរពាក់ព័ន្ធ លើបញ្ហាប្រឈមនានា ដែលកើតមានឡើង និងស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពង្រឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធាន អង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរ ប្រធាន និងអនុប្រធានស្ថានីយ ដែលបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលជាមូលហេតុធ្វើឱ្យផ្លូវថ្នល់ខូចខាតមុនអាយុកាលកំណត់ និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖