ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ប្រកបរបរត្បាញសាស ឬកាផា អស់រយៈពេល៦៧ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសារ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិចរស់នៅក្នុងខេត្ត មណ្ឌលគិរី ភូមិភាគឦសានប្រទេសកម្ពុជា បានប្រកបមុខរបរផ្សេងៗគ្នា ខ្លះប្រកបកសិកម្មធ្វើស្រែចម្ការ ខ្លះ ទៀតប្រកបអាជីវកម្មជួញដូរ។ ប៉ុន្តែ ក្នុងចំណោមជន ជាតិដើមភាគតិចទាំងនោះ មិនប្រាកដថាចេះតម្បាញ សាសឬតំបន់ផ្សេងទៀតហៅថា កាផា ដែលជាអត្ត សញ្ញាណរបស់ជនជាតិដើមភាគតិចនោះទេ។ ផ្ទុយទៅ វិញ បុរសវ័យចំណាស់មួយរូបជាជនជាតិដើមភាគតិចមានឈ្មោះ យ៉ូត ប៉ក់ អាយុ៨២ឆ្នាំ រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានប្រកបរបរជាអ្នកត្បាញសាស ឬកាផា ដើម្បីចិញ្ចឹមគ្រួសារដែលកូនដល់ទៅ៧នាក់។  

លោកតា យ៉ូត ប៉ក់ ប្រកបរបរនេះអស់រយៈពេល៦៧ឆ្នាំកន្លងមកហើយ ៗនៅក្នុងភូមិរបស់គាត់មិនសូវជាមានអ្នកចេះជំនាញ តម្បាញ សាសនេះ ប៉ុន្មាននោះទេ។ តម្បាញនេះ លោកចេះតពីឪពុកគាត់កាលនៅមានជីវិត ហើយគ្រានោះ រូបគាត់មានអាយុទើបតែ១៥ឆ្នាំ ប៉ុណ្ណោះ។ ការងារតម្បាញនេះ មិនមែនងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងឡើយទម្រាំតែអាចធ្វើបាន សាស ឬកាផាមួយៗ គេត្រូវតែទៅកាប់ឫស្សីនៅក្នុងព្រៃសហគមន៍ ហើយយកមកបិទវាឱ្យស្តើងតូចៗដាក់ហាលវាឱ្យស្ងួត។ បន្ទាប់មក អង្គុយចាក់តម្បាញប្រើរយៈពេល ៧ថ្ងៃ ទើបធ្វើបានសាស ឬកាផា ធំមួយបាន តែបើសាស ឬកាផា រាងតូច អាចត្បាញតិចថ្ងៃជាងនេះ។

ក្រៅពីសាស ឬកាផា នេះ លោកតា យ៉ូត ប៉ក់ ក៏ចេះត្បាញរបស់របរប្រើប្រាស់ ក៏ដូចជា ឧបករណ៍នេសាទត្រី និងចង្អេរអុំអង្ករផងដែរ។ មកដល់បច្ចុប្បន្ននេះ លោកតា ប៉ក់ នៅតែបន្តធ្វើរបរនេះជារៀងរាល់ថ្ងៃ ដើម្បីទុកប្រើក្នុងគ្រួសារខ្លះនិងខ្លះទៀតយកទៅលក់ជូនអ្នកស្រុក។ ពេល ខ្លះធ្វើបានច្រើន ក៏បន្តយកទៅលក់ជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាន ភ្នំថ្មណាមលៀរ ហើយក៏មានដែរអង្គការសមាគមបានកុម្ម៉ង់សាស ឬកាផា នេះ។ សាស ឬកាផា នេះដែលគាត់ធ្វើហើយ អាចលក់បានក្នុងតម្លៃ ចន្លោះ១០០ ០០០រៀល ទៅ១៤០ ០០០រៀលតាមធំតាមតូច។ ប្រាក់ចំណូលដែលអាចរកបានពីការលក់ សាស ឬកាផា និងឧបករណ៍ប្រើប្រាស់ផ្សេងផ្សេង គាត់យកទៅជួយផ្គត់ផ្គង់គ្រួសារខ្លះ និងខ្លះទៀតទុកគ្រាន់ពេលជួបគ្រោះជំងឺដង្កាត់៕

ដោយ៖ សូរិយា


ចែករំលែក៖