ខេត្តព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី០៦ ខែមករា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនដល់ប្រតិបត្តិករ យុវជន សិស្សនិស្សិត មេត្តាជ្រាបថា មន្ទីរទេសចរណ៍ដោយមានកិច្ចសហការ និងគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្ម នាថ្ងៃទី២៧ ដល់៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ។
នៅក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម ការសម្តែងសិល្បៈ ការប្រកួតរត់ប្រណាំង ។ ទន្ទឹមនេះកម្មវិធីខាងលើ នឹងមានការប្រកួតថតរូប និងវីដេអូផងដែរ ក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ក្នុងគោលបំណងជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ជាពិសេសការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុទៅដល់ភ្ញៀវជាតិ និងអន្ដរជាតិ៕
ដោយ៖ តារា