ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ជើងមេឃពណ៌ក្រហម(តចប់)

ចែករំលែក៖

   ខ្ញុំពិតជាអាក្រក់ណាស់ ខ្ញុំបានធ្វើឲ្យម៉ែមានបញ្ហា ព្រោះតែការរត់គេចរបស់ខ្ញុំ។ ទឹកភ្នែករបស់ខ្ញុំហូរ ប៉ុន្តែខ្ញុំមិនហ៊ានយំដង្ហក់នោះទេ។ ខ្ញុំបានត្រឹមតែដើរតាមមិត្តទាំងពីរនាក់ដែលចាប់បញ្ជូនខ្ញុំឲ្យត្រឡប់មកវិញ។ សម្លៀកបំពាក់របស់ខ្ញុំប្រឡាក់សុទ្ធតែដី ព្រោះកាលពីយប់មិញពេលខ្ញុំលួចរត់មក ខ្ញុំបានដួលនៅតាមផ្លូវ ហើយនៅពេលដែលខ្ញុំបានមកដល់ផ្ទះខ្ញុំបានដេកឱបម៉ែទាំងមិនបានងូតទឹកសំអាតខ្លួនទេ។ ពេលត្រឡប់មកដល់កងចល័តកុមារវិញ មេកងបានដាក់ទារុណកម្មខ្ញុំដោយវាយដំខ្ញុំខ្លាំងៗ ព្រមទាំងឲ្យខ្ញុំធ្វើការដោយមិនឱ្យបាយហូបទេ។ខ្ញុំឃ្លានណាស់ទើបលួចបេះស្ពៃក្រញាញ់ហូបជំនួសបាយ។ ស្ពៃនោះឆ្ងាញ់ណាស់ មានរសជាតិសាបផង ល្វីងតិចៗផង។ នៅពេលហូបភ្នែករបស់ខ្ញុំគ្រលៀសឆ្វេងស្តាំៗ ខ្លាចមានអ្នកដើរមកឃើញ។

   ក្រោយមកខ្ញុំត្រូវបានអង្គការបញ្ជូនឲ្យមករស់នៅ និងធ្វើការនៅកងកុមារក្នុងភូមិវិញ។ ខ្ញុំរីករាយយ៉ាងខ្លាំង។ ម៉ែរបស់ខ្ញុំក៏សប្បាយចិត្តចំពោះការវិលត្រឡប់មកវិញរបស់ខ្ញុំដែរ។ ខ្ញុំមករស់នៅផ្ទះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ម៉ែបានទទួលដំណឹងថាបងប្រុសរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ ដោយសារតែគាត់ព្យាយាមលួចរត់ចេញពីកងចល័ត ព្រមទាំងបានខុសវិន័យរបស់អង្គការជាច្រើនដង។ ម៉ែ និងខ្ញុំយំសោកសៅខ្លាំងណាស់នៅពេលបានទទួលដំណឹងនេះ។ ម៉ែយំឱបខ្ញុំរហូត។ គាត់ស្ទើរតែបាត់បង់សតិទៅហើយ។ ម៉ែរបស់ខ្ញុំភិតភ័យខ្លាំងណាស់ព្រោះគ្រួសាររបស់យើងបាត់បង់សមាជិកទៅម្ដងមួយៗ សូម្បីតែខ្ញុំក៏មិនដឹងថានឹងអាចរក្សាជីវិតបានយូរប៉ុនណាដែរ។ ម៉ែរបស់ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ខ្ញុំភិតភ័យខ្លាំងណាស់។ ពេលទៅឃ្វាលគោជាមួយក្មេងៗដទៃទៀត ខ្ញុំនិងពួកគេតែងតែនាំគ្នាស្វែងរកមើមដំឡូងនៅក្នុងព្រៃយកមកដុតហូប។ ខ្ញុំបានលាក់ដំឡូងមួយមើមតូចល្មមក្នុងថ្នក់ក្រមាយកមកទុកឲ្យម៉ែ ។ ទម្រាំខ្ញុំមកដល់ផ្ទះមេឃបានងងឹតស្លុងទៅហើយ ប៉ុន្តែខ្ញុំក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងខ្ទមយកដំឡូងឲ្យម៉ែហូប។ខ្ញុំចង់ឱ្យម៉ែមានកម្លាំងដូចពីមុន។ពេលនោះខ្លួនម៉ែក្តៅញាក់ទទ្រាក់ទទ្រើក បបូរមាត់ស្លេកស្លាំងធ្វើឱ្យខ្ញុំរន្ធត់នៅក្នុងចិត្តណាស់។ ខ្ញុំស្រវាឱបម៉ែ

ក្នុងដៃរួចយកដំឡូងមកឲ្យគាត់ហូប។ ម៉ែបានហើបមាត់និយាយតិចៗមករកខ្ញុំថា កូនស្រីមាសម្ដាយ គ្រួសាររបស់យើងនៅរស់តែកូនស្រីម្នាក់គត់។ កូនគឺជាក្តីសង្ឃឹមរបស់ម៉ែតែម្នាក់គត់ កូនគឺជាក្តីសង្ឃឹមរបស់ម៉ែ កូនកុំស្លាប់ណា៎ ត្រូវតែធ្វើការតាមបញ្ជារបស់អង្គការដើម្បីរស់។ ដរាបណាកូននៅមានជីវិត កូនត្រូវតែតស៊ូកុំអស់សង្ឃឹមអីណាកូន។ ខ្ញុំតបទៅម៉ែវិញទាំងពិបាកចិត្តថា កូនមិនមែនរស់តែម្នាក់ឯងទេម៉ែ! កូនមានម៉ែនៅក្បែរនោះអី ម៉ែច្បាស់ជាមិនអីនោះទេ។ ” ម៉ែគ្មានសង្ឃឹមរស់ទេណាកូនអើយ! ពេលម៉ែស្លាប់ទៅកូនត្រូវថែរក្សាខ្លួនផង។ថ្ងៃណាមួយពេលកូនមានរឿងអ្វីបន្ទាន់ មាសដែលម៉ែទុកឱ្យកូនមួយកញ្ចប់នៅក្រោមគ្រែនេះ កូនយកវាតាមខ្លួនផងចុះ មាសទាំងអស់នេះច្បាស់ជាអាចជួយកូនបានមិនខាន” ។ ម៉ែរបស់ខ្ញុំនិយាយផងដកដង្ហើមដង្ហក់ជាប់គ្នាមិនឈប់ធ្វើឱ្យខ្ញុំភិតភ័យជាពន់ពេក។ ខ្ញុំយំ ខ្ញុំខ្លាច ព្រោះខ្ញុំមិនចង់បាត់បង់ម៉ែទេ។ ខ្ញុំស្រឡាញ់ម៉ែខ្លាំងណាស់។ ម៉ែដង្ហក់បន្តិច ក៏បិទភ្នែកស្ងៀមហើយដង្ហើមគាត់លែងដក។ ខ្ញុំដឹងយ៉ាងច្បាស់នៅក្នុងចិត្តថា ម៉ែបានចាកចេញទៅចោលខ្ញុំម្នាក់ទៀតហើយ។

   ជីវិតរបស់ខ្ញុំមិនខុសពីរុក្ខជាតិចកអណ្ដែតតាមទឹកនៅរដូវវស្សាឡើយ។ ខ្ញុំត្រូវប្រឈមមុខរស់នៅជាមួយនឹងពាក្យថា តស៊ូ ដែលពោរពេញទៅដោយភាពភ័យខ្លាច។ រៀងរាល់យប់ ខ្ញុំដេកមិនដែលបានលក់ស្រួលនោះទេ ព្រោះខ្ញុំគឺជាក្មេងស្រីតូចម្នាក់ដែលរស់នៅពឹងផ្អែកលើជីវិតរសាត់អណ្ដែតឥតកោះត្រើយតែម្នាក់ឯង។ ប្រជាជនក្នុងភូមិរបស់ខ្ញុំជាច្រើននាក់ ត្រូវបានអង្គការហៅទៅ ហើយបានបាត់ខ្លួនរហូត ទៅមិនដែលឃើញត្រឡប់មកផ្ទះវិញឡើយ។

   នៅឆ្នាំ ១៩៧៨ មុនពេលដែលខ្មែរក្រហមដួលរលំ អង្គការបានជម្លៀសខ្ញុំពីទីកន្លែងមួយទៅទីកន្លែងមួយទៀត។ ខ្ញុំបានជួបប្រទះ និងគ្រាប់បែកគ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងគ្រប់បែបយ៉ាងដែលគួរឲ្យខ្លាចខ្លាំងណាស់។ ពេលមួយ ខ្ញុំរត់ពួនគេចគ្រាប់នៅនឹងគល់ត្នោតមួយហើយភ្លាមៗនោះ ខ្ញុំបានឃើញអំបែងគ្រាប់ហោះមកជាប់នឹងគល់ត្នោតលាន់ឮសូរខ្លាំងៗ។ ប៉ុន្តែជាសំណាងល្អរបស់ខ្ញុំ ដែលខ្ញុំមិនត្រូវគ្រាប់ដូចប្រជាជនឯទៀត។ ប្រជាជនខ្លះរត់មកពួនមិនទាន់ពេលក៏ត្រូវគ្រាប់បាញ់ដាច់ដៃ ដាច់ជើងគួរឱ្យសង្វេគជាពន់ពេក។ ជីវិតរបស់ខ្ញុំមិនខុសពីស្លឹកឈើងាប់ដែលត្រូវបក់រសាត់តាមខ្យល់អត់គោលដៅនោះទេ។ ខ្ញុំបានមកដល់កំពង់ចម្លងអ្នកលឿងដោយមិនដឹងថានៅទីណាជាមួយនឹងខោអាវមួយបង្វិច។ មកដល់លើសាឡាងខ្ញុំមានមាសខ្លះដែលបន្សល់ទុកពីម្ដាយរបស់ខ្ញុំទុកគ្រាន់ដូរយករបស់ហូប។

   ភ្នំពេញត្រូវបានវាយរំដោះដោយកងទ័ពវៀតណាម និងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ។ ខ្ញុំត្រេកអរណាស់គ្រប់គ្នានៅលើសាឡាងស្រែកហ៊ោរទ្រហឹងអឺងកងពេញសាឡាងដែលកំពុងតែចម្លងមនុស្សឆ្លងទៅត្រើយម្ខាងទៀត។ ខ្ញុំយំផងសប្បាយចិត្តផង។ ពេលនោះខ្ញុំមិននឹកស្មានថាខ្ញុំនៅសល់ជីវិតរស់ដល់ថ្ងៃនេះទេ។

ក្រោយបញ្ចប់សង្គ្រាមពាក្យថាគ្រួសារដ៏កក់ក្តៅរបស់ខ្ញុំត្រូវបានបញ្ចប់។ ខ្ញុំត្រឡប់មកដល់ភ្នំពេញវិញទាំងមិនដឹងថាកោះត្រើយនៅឯណា។ ខ្ញុំអាចនិយាយថា ខ្ញុំសំណាងដែរដែលមានអ៊ំស្រីម្នាក់បានហៅខ្ញុំទៅរស់នៅជាមួយគាត់ព្រោះគាត់បានបាត់បង់ក្រុមគ្រួសារនៅតែម្នាក់ឯងដូចខ្ញុំដែរ។ អ៊ំស្រីបាននាំខ្ញុំទៅរស់នៅក្នុងផ្ទះល្វែងមួយនៅម្ដុំផ្សារកណ្ដាល។ គាត់ស្រឡាញ់ខ្ញុំដូចកូនបង្កើតរបស់គាត់អ៊ីចឹង។ ជីវិតរបស់ខ្ញុំពេញទៅដោយភាពស្រស់បំព្រង។ មកដល់បច្ចុប្បន្ននេះខ្ញុំបានកសាងក្រុមគ្រួសារ ហើយម្យ៉ាងទៀតខ្ញុំបានក្លាយជាម្ចាស់ហាងកាត់ដេរមួយកន្លែងដ៏ធំនៅទីក្រុងភ្នំពេញ។

   ស្នាមរបួសលើស្បែកគង់នឹងជាសះស្បើយ ប៉ុន្តែអំពើឃោរឃៅដែលខ្ញុំបានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនៅតែបន្តតាមលងបន្លាចខ្ញុំជាដរាប។ អរគុណពុក និងម៉ែ ដែលបានផ្ដល់កំណើតដល់រូបខ្ញុំ។ របបខ្មែរក្រហមបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំព្រាត់ប្រាស់គ្នាគ្មានថ្ងៃវិលវិញ។ រៀងរាល់ពេលដែលខ្ញុំនឹកពុកម៉ែនិងបងប្រុសខ្ញុំតែងអង្គុយសម្លឹងមើលទៅជើងមេឃពេលព្រះអាទិត្យរៀបលិច ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ព្រោះខ្ញុំគិតថា ពួកគាត់បានធ្វើដំណើរទៅកាន់ទីកន្លែងមួយបានក្តីសុខហើយ៕ )ចប់ដោយបរិបូរណ៍)


ចែករំលែក៖