ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី បានបង្ហោះលើផេកផ្លូវការថា ៖ សូមគោរពជម្រាបជូនសាធារណជនក្នុងបណ្ដាញសង្គមហ្វេសបុក ថ្ងៃនេះ ខ្ញុំសូមលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ ជៀសវាងមានការយល់ច្រឡំ៖
ខ្ញុំឈ្មោះ ប៊ុន ភក្ដី ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ៥ មេសា ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី បានលម្អិតថា ៖
+អំពីប្រវត្តិសិក្សា
-បញ្ចប់ការសិក្សាបឋមសិក្សានៅសាលាបឋមសិក្សាសុខអានទន្លាប់ ដោយស្រលាញ់ការសិក្សារៀនសូត្រ បានមកបន្តសិក្សានៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ
-បញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០០៦-២០១០)
-បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០១៣-២០១៥)
-បញ្ចប់បរិញ្ញបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រនយោបាយ នៅបណ្ឌិត្យសភានគរបាលកម្ពុជា (២០១៣-២០១៥)
-ជាបេក្ខជនបណ្ឌិត ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ (២០២០-បច្ចុប្បន្ន) ដោយបានទទួលជោគជ័យលើការបោះពុម្ពផ្សាយអត្តបទស្រាវជ្រាវជាលក្ខណៈអន្តរជាតិ លើប្រធានបទ «The Trained Police Competency and Work Performance in the Cambodian Police Force» នៅក្នុងកាលិកបត្រស្រាវជ្រាវ The Academic Journal of St Clements Education Group «VERITAS» ដែលមានមូលដ្ឋាននៅ British West Indies នៃប្រទេសអង់គ្លេស ក្នុង Volume 15, No. 2 ISSN2307-2806 សម្រាប់ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងស្នាដៃនេះបណ្ឌិត្យសភានគរបាលកម្ពុជាក៏បានចុះផ្សាយអំពីលទ្ធផលជោគជ័យរបស់ខ្ញុំបាទក្នុងគណនី ហ្វេសប៊ុកផេកផងដែរ។
-បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាច្រើនវគ្គផងដែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
+អំពីប្រវត្តិការងារ ខ្ញុំបាទបានចូលបម្រើការងារជាមន្ត្រីនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយប្រឹងប្រែងបំពេញការងារតាមទួនាទី និងភារកិច្ច ព្រមទាំងទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ រួមមាន៖
-ជាអនុប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៤-២០១៦)
-ជាប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៦-២០២៤)
-ជានាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។
ខ្ញុំគ្រាន់តែជាកូនកសិករ យកការតស៊ូ ព្យាយាមជាដើមទុន និងទទួលបានការផ្ដល់ឱកាសពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបម្រើអង្គភាព និងប្រទេសជាតិ។
ជាចុងក្រោយនេះ សូមសម្ដែងនូវការសោកស្ដាយចំពោះ ហ្វេសបុកផេក #DTN7.com ហ្វេសបុកផេក #អវតារ ស និងបុគ្គលមួយចំនួនដែលខ្វះប្រភពព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ បានបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។ ដូច្នេះ សូមសាធារណជន កុំយករឿងចៃដន្យ មកវិភាគធ្វើជាការពិត។
ខ្ញុំសង្ឃឹមថា សាធារណជនឈប់មានការយល់ច្រឡំលើបញ្ហានេះ សូមគោរពអគុណ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ បានលើកឡើងថា ៖ ឈ្មោះប៊ុន ភក្តី ដែលគ្រោងឯកសណ្ឋានពាក់ផ្កាយនេះ គាត់គឺជនជាតិខ្មែរ និងសញ្ជាតិខ្មែរពីដើមកំណើត គាត់ក៏បានសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតមកដល់មហាវិទ្យាល័យ និង ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តនគរបាល និងជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិតសភានគរបាលកម្ពុជា ទីតាំងនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកបណ្ឌិតបានបន្តថា ៖ បច្ចុប្បន្នលោកបានបម្រើការងារជាប្រធានវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលនៃ បណ្ឌិត្យសភានគបាលកម្ពុជា គាត់មិនមែនជាជនជាតិវៀតណាមនោះទេ គឺជាជនជាតិខ្មែរ ពីដើមកំណើត ឪពុកម្ដាយរបស់គាត់ ក៏ជាខ្មែរ បងប្អូនសាច់ញាតិរបស់គាត់ក៏ជាជនជាតិខ្មែរ គឺជាសញ្ជាតិខ្មែរពីកំណើតទាំងអស់។ លោកបណ្ឌិតបានបញ្ជាក់ថា ៖ អ្វីដែលបានលើកឡើងថា យកទៅបង្ហោះនោះគឺជាការលាបពណ៌ ដែលធ្វើឲ្យមហាជនយើងមានការភាន់ច្រឡំ ហើយក៏ជាប្រធានបទរបស់អ្នកនយោបាយដែរ។ លោកបណ្ឌិតទូចសុខៈបានបន្តថា ៖ ដោយសារថាបញ្ហារឿងជនជាតិបរទេស ជាពិសេសគឺជនជាតិវៀតណាម គឺជាប្រធានបទរសើបនិងក្តៅ ដែលឆាប់ធ្វើឲ្យមហាជន មានការផ្នូចអារម្មណ៍ ហើយបានជាគេយកវិធានបទហ្នឹង យកមកផ្សព្វផ្សាយបំផុសបំផុលធ្វើឲ្យមានការភាន់ច្រឡំ ហើយការធ្វើបែបនោះសុទ្ធតែខុសទៅនឹងច្បាប់ ព្រហ្មទណ្ឌ ដែលប្រឈមមុខនិងការផ្ដន្ទាទោស ។ លោកបណ្ឌិតសូមស្នើឱ្យបងប្អូនទាំងអស់បញ្ឈប់ការផ្សព្វផ្សាយ ករណីនេះមិនមែនជាករណីពិតនោះទេ។
លោកបណ្ឌិតបានលើកឡើងថា, ខ្ញុំសូមបញ្ជាក់ជូនថាការផ្ដល់សញ្ជាតិ ដល់ជនបរទេសនៅកម្ពុជា ហើយវាមិនខុសពីការផ្ដល់សញ្ជាតិ របស់ប្រទេសផ្សេងៗ ទៅដល់ជនបរទេសនោះទេ គឺ មានគោលការណ៍ផ្ដល់សញ្ជាតិឲ្យដូចគ្នា សម្រាប់កម្ពុជាយើងមានច្បាប់ស្ដីពីសញ្ជាតិ ត្រឹមត្រូវ ហើយការផ្ដល់សញ្ជាតិនីមួយៗ អនុវត្តទៅតាមច្បាប់ស្ដីពី សញ្ជាតិ និងនីតិវិធីបែបបទ រាល់ការដែលមិនត្រូវជំនាញ ដែលលោកធ្វើខុសពីនីតិវិធី គឺទីមួយ យើងរកឃើញ ត្រូវនារាករណ៍ ឬមោឃភាព ការផ្ដល់សញ្ជាតិនោះក្រវាត់ចោលវិញ , ទីពីរ មន្ត្រីដែលយើងរកឃើញថា មានការស៊ុមគ្រលុំធ្វើខុសពីច្បាប់ ពីទម្លាប់ យើងផ្ដន្ទាទោស តាមបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ ជារួមគឺការផ្ដល់សញ្ជាតិជូនជនបរទេស គឺយើងរឹតបន្តឹង មិនមែនចេះតែផ្ដល់ឱ្យទេ ជារួមត្រឡប់មកវិញប្រធានបទនៃការផ្ដល់សញ្ជាតិនេះ គឺអ្នកនយោបាយកំពុងយកមកប្រើប្រាស់ ឬអ្នករកលុយតាមបណ្ដាញទំនាក់ទំនងសង្គមអនឡាញ ក៏កំពុងយកមកប្រើប្រាស់ដើម្បី ជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនិងផលប្រយោជន៍នយោបាយ។ លោកបណ្ឌិតបន្តថា, ពួកគេមិនបានគិតអំពីហានិភ័យពីផលប្រយោជន៍របស់ជាតិ ឬក៏ស្ថេរភាពរបស់ជាតិ ដូច្នេះសូមបងប្អូនទាំងឡាយមេត្តាកុំឆាប់ ជឿទៅលើការបង្កើតមាតិកា វិធានបទ នានាតាមបណ្ដាញសង្គម ត្រូវស្វះស្វែងរកព័ត៌មានពិតប្រាកដជាមុនសិន៕
ដោយ ៖ សិលា