ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ជនសង្ស័យ​​ ៣នាក់ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់​ កំពុងជិះ​ឡំប្រឺតា​ តែមិនបានសម្រេច​ត្រង់ចំណុចមុខអគារវឌ្ឍនៈ

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ០៣នាក់​ក្នុងចំណោម​បក្ខពួក​ ០៤នាក់​ ដែលបានធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់​ កំពុងជិះ​ឡំប្រឺតា​ តែមិនបានសម្រេច​ត្រង់ចំណុចមុខអគារវឌ្ឍនៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង​២១៖៤០នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន​បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​ព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន៣គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិបរទេស) កំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេច​ត្រង់ចំណុចមុខអគារវឌ្ឍនៈ។

ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញឃាត់បានជនសង្ស័យចំនួន០៣នាក់នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តមកែងផ្លូវសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រួមមាន៖

*១៖ ឈ្មោះ​ ដន​ ចាន់ឌេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ទីកន្លែងស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង១​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

*២៖ ឈ្មោះ​ វង្ស​ តារ៉ា​ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ 

*៣៖ ឈ្មោះ​ ឌៀវ​ ថាវិន​ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ​ តូម​ បានជិះរត់គេចខ្លួនបាត់។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ កណ្តាល 1K-6324(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ 1LD-5640(របស់ជនសង្ស័យ)។  

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖