ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយអនុវត្តតាមបទបបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានសហការជាមួយមន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យលើផលិតផលសាច់បង្កកដែលមាន ដើមកំណើតពីសាច់សត្វ ស្ថិតនៅទីតាំងឃ្លាំងស្តុកសាច់បង្កក មួយកន្លែង នៅឃ្លាំងបង្កក ស្ថិតនៅផ្លូវលំ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផល មន្រ្តីជំនាញបានពិនិត្យឃើញថាផលិតផលសាច់បង្កក ដូចជា៖ សាច់ថ្ពាល់ក្របី សាច់បាងក្របី ស្លាបមាន់ គល់ស្លាបមាន់ ភ្លៅមាន់ ជើងមាន់ ទ្រូងមាន់ ទា(ទាំងមូល) ចុងស្លាបមាន់ គឺមានអនាម័យ ព្រមទាំងសីតុណ្ហភាពរក្សាទុក សមស្របតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស។
បន្ថែមពីនោះមន្រ្តីជំនាញបានដកយកសំណាកគំរូ ចំនួន ១០(ដប់)គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគផ្នែកគុណភាពបន្ត៕
ដោយ៖ តារា