ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីក្រុមហ៊ុន ស្នាដៃនារី ខ្មែរសាឡន ត្រេឌីង ឯ.ក ចេញលិខិតជូនដំណឹង ស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល គ្រឿង សម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA ក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ មេធាវីក្រុមហ៊ុន ស្នាដៃនារី ខ្មែរសាឡន ត្រេឌីង ឯ.ក បានចេញលិខិតជូនដំណឹង ជាផ្លូវការ ស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល គ្រឿង សម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះបានបញ្ជាក់ថា ៖ នាងខ្ញុំមេធាវី គង្គា រ៉ាណាហ្សា ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មាន ការិយាល័យមេធាវី នគរវត្ត មានទីតាំងការិយាល័យស្ថិតនៅផ្ទះលេខ១១១ ផ្លូវរ៉ាដា ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិអោយក្រុមហ៊ុន ស្នាដៃនារី ខ្មែរសាឡន ត្រេឌីង ឯ.ក ។

សូមជូនដំណឹងដល់ ក្រុមហ៊ុន អាជីវករ អតិថិជន និងសាធារណៈជនទាំងអស់ សូមជូនដំណឹងស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល គ្រឿង សម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក ។

លោកស្រីមេធាវី គង្គា រ៉ាណាហ្សា បានបញ្ជាក់ថា ៖ យោងតាមលិខិតប្រគល់សិទ្ធិតំណាងដោយអាណាត្តិ ចុះថ្ងៃ ០៨ ខែមករា ឆ្នាំ២០២៥។

-លិខិតប្រគល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន GUANGZHOU CHINCHY COSMETICS CO LTD ។

-លិខិតលេខ ៤២៧០ ព.ណ កសប ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលគ្រឿងសម្អាង សាប៊ូកក់ សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA របស់ក្រុម ហ៊ុន ស្នាដៃនារីខ្មែរសាឡន ត្រេនឹង ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីមេធាវី គង្គា រ៉ាណាហ្សា បន្តថា ៖ នាងខ្ញុំសូមជម្រាបជូន លោកលោកស្រី ជ្រាបថា៖ ក្រុមហ៊ុន ស្នាដៃនារី ខ្មែរសាឡន ត្រេឌីង ឯ.ក គឺជាក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល គ្រឿងសម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GUANGZHOU CHINCHY COSMETICS CO,LTD ស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកូនក្តីនាងខ្ញុំបានសង្កេតឃើញថា មានក្រុមហ៊ុន អាជីវករ និង បុគ្គលមួយចំនួន បាននឹងកំពុងនាំចូល និងចែកចាយផលិតផលគ្រឿងសម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេ លាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើទីផ្សារទាំងតាមប្រព័ន្ធអនឡាញដោយមិនស្របច្បាប់ ដូច្នេះក្រុមហ៊ុនកូនក្តីនាងខ្ញុំសូមជូនដំណឹងដល់លោកលោកស្រី អាជីវករ អតិថិជន និងសាធារណៈជនទាំងអស់ថា ក្រុមហ៊ុនកូនក្ដីនាងខ្ញុំផ្តល់រយៈពេល ០៣(បី)ខែ ជូនលោក លោកស្រី គិតចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ជាកំហិតដើម្បីឱ្យលោក លោកស្រី ធ្វើការចែកចាយរាល់ផលិតផលទាំងអស់ដែលប៉ះពាល់លើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនកូនក្តីនាងខ្ញុំ ដែលបាន នាំចូលមុនថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ ឱ្យអស់ពីស្តុក និងបញ្ឈប់រាល់ការនាំចូល ចែកចាយ ដោយរំលោភលើសិទ្ធិ ផ្តាច់មុខរបស់ក្រុមហ៊ុនកូនក្ដីនាងខ្ញុំចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រោយផុតរយៈពេលកំណត់ខាងលើហើយ ក្នុងករណីមានក្រុមហ៊ុន ឬអាជីវករនាំចូល លក់ និងចែក ចាយ ផលិតផលគ្រឿងសម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចកម៉ាក Karseell និង TOPHANEDA បំពានសិទ្ធិផ្តាច់មុខទៀតនោះ ក្រុមហ៊ុនកូនក្តីនាងខ្ញុំ នឹងធ្វើការស្នើសុំកិច្ចសហការពីអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះ ត្រង់ ចំណុចក” រាល់ជនណាមួយដែលចង់ប្រើប្រាស់ម៉ាកដែលមានចុះបញ្ជីរួចរាល់ហើយនោះ ត្រូវមានការយល់ ព្រមពីម្ចាស់ដើមជាមុនសិន” និងចំណុច“ខ” ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដោយប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម” និងត្រូវផ្តន្ទាទោសតាមមាត្រា ៦៤, ៦៥ និង ៦៦ នៃច្បាប់ដដែលនេះ ជនណាដែលប្រើប្រាស់ដោយរំលោភនូវម៉ាកសញ្ញារបស់ម្ចាស់ដើមនឹងត្រូវ ផ្តន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងត្រូវសងចំពោះការខាតបង់….។

អាស្រ័យហេតុនេះ សូមលោកលោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន អាជីវករ អតិថិជន និងសាធារណៈ ជនទាំងអស់ ជ្រាបជាសេចក្តីជូនដំណឹង និងសូមធ្វើការទំនាក់ទំនងមកក្រុមហ៊ុនកូនក្តីនាងខ្ញុំ ដែលមាន អាសយដ្ឋានស្ថិតនៅផ្ទះលេខ 67A ផ្លូវលេខ ១៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បី ទទួលបានផលិតផលស្របច្បាប់ និងសិទ្ធិចែកចាយបន្តពីក្រុមហ៊ុន ឬដើម្បីទទួលបានព័ត៌មានបន្ថែម តាមរយៈ លេខទូរស័ព្ទ ០៨១ ៦៦៦ ៤៦៨។

សូម សូមលោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន អាជីវករ អតិថិជន និងសាធារណៈជនទាំងអស់ ទទួលនូវការរាប់អានអំពីខ្ញុំ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖