ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញអាវុធយុទ្ធភ័ណ្ឌ​ ០៣ដើម រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង០៥នាទី នៅចំណុចដីចំការ ក្នុងភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង​ មានប្រជាពលរដ្ឋឈ្មោះ យ៉ុង សុខុន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅពេលកំពុងភ្ជួរដីចំការ បានប្រទះឃើញអាវុធកប់នៅក្នុងដី នៅក្នុងការ៉ុងចំនួន ០៣ដើម ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។ 

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញអាវុធ ចំនួន ០៣ដើម ប្រភេទ អាការ គ្មានបង់ចំនួន ០១ដើម, សេកាសេ គ្មានឆ្នូកចំនួន ០១ដើម និងសេកាសេ នៅឆ្នូកបង់ចំនួន ០១ដើម សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។  

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំពៅលូន អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖ តារា​


ចែករំលែក៖