ភ្នំពេញ ៖ កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។
លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាបន្ថែម ៕
ដោយ ៖ សិលា