ខេត្តកោះកុង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកេីតឡេីងដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រង់ស្ថានភាពផ្លូវកោងចុះ ចំណោត និងដាក់លេខអត់ចូលបណ្តាលឱ្យរអិលដោយខ្លួនឯងធ្លាក់ជ្រោះ ផ្ទុះឆេះស្លាប់អ្នកបើកបរម្នាក់ និងអ្នករួមដំណេីររងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ស្ថិតត្រង់ចំណុចស្ពានចំណោតស្វាងស្រា ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។
សពជនរងគ្រោះ ឈ្មោះ ស៊ុម សំណាត ទីលំនៅ ភូមិ ត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកបេីកបរ)។
ក្រោយកេីតហេតុកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តសមត្ថកិច្ចបានការពារនៅនឹងកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវដើម្បីប្រគល់ជូនម្ចាស់វិញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្តរងគ្រោះម៉ាក នីសាន់ ពណ៌ខៀវខ្ចី ពាក់ផ្លាកលេខខេមរភូមិន្ទ 02.3- 0544 ដឹកថ្មបើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុរថយន្តសាងលេខមិនចូលជ្រុលធ្លាក់ចុះផ្លូវ ចំណោតបណ្តាលឲ្យក្រឡាប់ និងបុកថ្មឆេះកាប៊ីនតែម្តង ។ មូលហេតុ ស្ថានភាពផ្លូវកោងចុះ ចំណោត និងបើកបរខ្វះការប្រុងប្រយ័ត្ន ។
ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ៕
ដោយ៖ តារា