ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខា សាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលាបណ្ឌិតរដ្ឋមន្រ្តីក្រសួង បរិស្ថាន បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រោយពីក្រសួង បានធ្វើការវិភាគមុខងារស្នូល និងមុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន»ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិងវិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នាឱ្យទៅជាមុខងារស្នូលមានចំនួន៣ និងមុខងាររងមានចំនួន១៣។ លោករដ្ឋមន្ត្រីបានជម្រាបបន្ថែមថា មុខងារទាំងអស់នេះឆ្លើយ តបទៅនឹងបេសកកម្ម ក្រមបរិស្ថាននិងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និងទៅអនាគតផងដែរ។
បន្ថែមពីនេះបណ្ឌិត អ៊ាង សុផល្លែត បង្ហាញពីទិសដៅបន្ត ៣ លើការងារវិភាគមុខងាររបស់ក្រសួងបរិស្ថាន រួមមាន៖ ១).រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៥- ២០២៨ ២).បន្តសម្រប សម្រួលពិនិត្យឡើងវិញលើការវិភាគមុខងារស្នូល និងមុខងាររងរបស់ក្រសួង មុខងារគាំទ្រ រួចរាយការណ៍ជូនទៅក្រុមការងារគាំទ្របច្ចេកទេសវិស័យសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ និង ៣).បន្តចូលរួមកិច្ចការប្រជុំ និងសកម្មភាពផ្សេងៗជាមួយក្រសួងមុខងារសាធារណៈ និងក្រុមការងារកំណែទម្រង់។
បណ្ឌិតរដ្ឋមន្ត្រីសង្ឃឹមថាលទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងបានជាធាតុចូលដ៏ល្អៗ សំខាន់ៗ ដល់ក្រសួងបរិស្ថាន កំណត់បានទិសដៅ អាទិភាពអនុវត្តបន្ត សម្រាប់បន្តការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងបរិស្ថាន ឈានឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ចូលរួមសម្រេចផែនការកំណែទម្រង់រដ្ឋបាលសាធារណៈ។
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕
ដោយ៖ សូរិយា