ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលដែលបើករថយន្តបុកម៉ូតូបណ្តាលឱ្យឪពុកកូន៣នាក់ស្លាប់ និងស្រី្តជាម្តាយរបួសធ្ងន់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ហើយ

ចែករំលែក៖

ភ្នំពេញ៖  អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្តឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ វេណេម៉ោង១៧និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល០.៤៦ Mg/L និងបានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ III-2330 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ និងកូនចំនួន២នាក់ ដែលជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន ចន្ទលក្ខណា ភេទស្រី អាយុ២៤ឆ្នាំ ដែលត្រូវជាប្រពន្ធ រងរបួសធ្ងន់។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កនិងកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនត្រូវចោទជាអ្នកបើករថយន្តរូបនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖