ខេត្តស្ទឹងត្រែង៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះគឺបានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗដូចជាភេសជ្ជផ្អែមៗ រឺគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។ នាឱកាសនោះគឺបានជម្រុញឱ្យលោកប្រធានមន្ទីរសុខាភិបាលធ្វើផ្ទាំងរូបភាពអប់រំសុខភាព នៅតាមសាលារៀនបន្ថែមទៀតដើម្បីជាសារអប់រំដល់សិស្សានុសិស្សពីគ្រោះថ្នាក់ការបរិភោគចំណីអាហារប៉ះពាល់សុខភាព។
លោក សរ សុពុត្រា បានវាយតំលៃខ្ពស់អំពីសមិទ្ធិផលសំខាន់ៗនៃការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងឆ្នាំសិក្សាកន្លងមក ។ ជាមួយគ្នានោះដែលគឺបានលើកឡើងពីអាទិភាពស្នូលទាំង៨ចំនុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី១ និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺអាទិភាពទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣ ការលើកកម្ពស់សុខភាពសិក្សា កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ទី៤ ការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាលសិស្សនិងសហគមន៍តាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ទី៥ ការអប់រំឌីជីថល ទី៦ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ទី៧ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៨ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
នាឱកាសដដែលនោះ បានថ្លែងការកោតសរសើរចំពោះមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ដែលសម្រេចបានលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ និងបន្តខិតខំបន្ថែមទៀតទទួលបានជោគជ័យស្របតាមទិសដៅការងារដែលបានគ្រោងទុក ក្នុងឆ្នាំសិក្សាថ្មីនេះ។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាតនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា៖
សមិទ្ធិផលការងារ សំខាន់ៗដែលមន្ទីរ បានអនុវត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយសាលារៀនគ្រប់ គម្រិតសិក្សានៅខេត្តស្ទឹងត្រែង បានកើតឡើងគួរឱ្យគត់សម្គាល់ ឆ្លើយតបទៅនិងគោលនយោបាយរបស់រាជ រដ្ឋាភិបាល បង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានរបស់ប្រជាជន។
រយៈពេល១ឆ្នាំកន្លងមកនេះ វិស័យអប់រំសម្រេចបានសមិទ្ធិផលតាមរយៈអន្តរាគមន៍មួយចំនួនដូចជាធ្វើយុទ្ធនាការ ការប្រមូលកុមារដល់វ័យសិក្សា ការកសាងអគារសិក្សា ការផ្តល់គ្រូ ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ដែលបានបង្កឱកាសឱ្យសិស្សានុសិស្ស ទទួលបានការអប់រំនៅគ្រប់កំរិត៕
ដោយ ៖ សិលា