ភ្នំពេញ៖ ជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបេីករថយន្តបុករថយន្ត២គ្រឿងឈប់ចតនៅលេីផ្លូវបណ្តាលឲ្យរងការខូចខាត ភ្លាមៗនោះអ្នកបេីកបរមិនសហការ ទើបកម្លាំងសមត្ថកិច្ចឃាត់អ្នកបេីកបរយកទៅសួរនាំភ្លាមៗ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៦៣កែវផ្លូវលេខ៣៩២ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតគេឃេីញរថយន្ដ២គ្រឿងបានឈប់ចតនៅលេីផ្លូវ៣៩២ ភ្លាមនោះស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BV-5100បេីកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវ៣៩២ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿនដោយមិនបានមេីលមុខក៏ជ្រុលទៅបុករថយន្តឈប់ចតនៅលេីផ្លូវចំនួន២គ្រឿងបណ្តាលឲ្យរងការខូចខាត ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗអ្នកបេីកបរ ត្រូវបានម្ចាស់រថយន្តឃាត់រង់ចាំប្រគល់អោយសមត្ថកិច្ចនគរបាល ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មកដល់ជនជាតិចិនក្នុងស្ថានភាពស្រវឹងហេីយមិនព្រមដោះស្រាយជូនខាងរថយន្តខូចខាតទាំង២គ្រឿង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បឹងកេងកងភ្លាមៗដេីម្បីឃាត់អ្នកបេីកបរយកទៅសួរនាំរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ