ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានថតវីដេអូបង្ហោះក្នុង Account Facebook ណា ណា …ដោយបង្ហាញវីដេអូ មានកម្លាំងសមត្ថកិច្ចមួយក្រុមបានចូលទៅចាប់ទាញប្តីរបស់គាត់ដល់ក្នុងផ្ទះ និងភ្ជាប់ខ្លឹមសារថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានបង្កឱ្យមានមនុស្សស្លាប់ ឬរបួសធ្ងន់នោះឡើយ។ កើតហេតុនៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
បេីតាមការបញ្ជាក់របស់ស្ត្រីជាម្ចាស់រថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BR-4663 បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះថា ៖ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មុនពេលកេីតហេតុប្តីរបស់គាត់បានបេីកបររថយន្តខាងលេីជួបគ្រោះថ្នាក់ចរាចរណ៍ខណៈគាត់បេីករថយន្តហួសផ្ទះជាន់ហ្វ្រាំងឈប់ត្រូវរថយន្តព្រុស ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BE-3436 បុកពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ប្រភពដដែលបានបន្តថា ៖ បន្ទាប់មកសមត្ថកិច្ចក៏ចុះមកដល់កន្លែងកេីតហេតុ ពេលនោះពួកគាត់ទាំងសងខាងក៏សម្របសម្រលគ្នាដោយរូបគាត់(ភាគីរថយន្តព្រុសនៅខាងមុខ)ព្រមទទួលកំហុសនិងចេញថ្លៃខូចខាតទៅភាគីម្ខាងទៀតចំនួនជាទឹកប្រាក់១៥០ដុល្លារដេីម្បីបញ្ចប់រឿង ហេីយសមត្ថកិច្ចក៏បានថតជាវីដេអូទុកជាភស្តុតាងផងដែរ។
បន្ទាប់មកដោយសារតែរថយន្តគាត់ដេមិនឆេះទេីបគាត់ទុករថយន្តនៅទីនោះហេីយដេីរមកផ្ទះប្រហែលជាង១០០ម៉ែត្រពីកន្លែងកេីតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានទៅចាប់បុរសជាម្ចាស់រថយន្តនោះដល់មាត់ទ្វារផ្ទះតែម្តង។
ក្រោយមកសមត្ថកិច្ចក៏បានយករថយន្តមកស្ទូចយករថយន្តព្រុសនោះទៅរក្សាទុក។
ពាក់ព័ន្ធករណីខាងលេីនេះផងដែរ ក្រុមការងារយេីងមិនអាចទាក់ទងទៅលោកប្រធានផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានទេ ដោយលោកបានបញ្ជាក់ថា ៖លោកកំពុងចុះទៅធ្វេីការរឿងនេះ។
ដោយឡែកស្ត្រីខាងលើបានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទៀតថា ៖ សមត្ថកិច្ចមិនព្រមប្រគល់ឡានឱ្យគាត់វិញទេ ដោយសមត្ថកិច្ចតម្រូវឱ្យគាត់លុបវីដេអូដែលបង្ហោះនោះចោលវិញ និងឱ្យគាត់ធ្វើការសុំទោសសមត្ថកិច្ចជាសាធារណៈ ប៉ុន្តែគាត់មិនព្រម ដោយសារគាត់មិនខុស។
អ្នកច្បាប់បានលើកឡើងថា ៖ សមត្ថកិច្ចគប្បីស្គាល់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមវិជ្ជាជីវៈ ក្រមសីលធម៌ សិក្សាពីទិដ្ឋភាពឱ្យបានច្បាស់លាស់ ព្រោះថា បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែទ្រព្យសម្បត្តិ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីប៉ូលីសចរាចរណ៍ឡើយ ។ អាចមើល👉(មាត្រា៣៦ និងមាត្រា៣៤ ច្បាប់ចរាច៛ណ៍ផ្លូវគោក)។
បញ្ហានេះកំពុងធ្វើការបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម Facebook ។ ប៉ុន្តែខាងសមត្ថកិច្ចមិនទាន់ឆ្លើយតប ឬចេញសេចក្តីបំភ្លឺណាមួយ ដើម្បីឱ្យសាធារណជនបានជ្រាបនៅឡើយទេ ។ ដោយឡែកលោកអធិការ អធិការដ្ឋាននគរបាលខណ្ឌកំបូល គាត់មិនធ្វើការបកស្រាយទេ តាមទូរស័ព្ទ ជាអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគ៛វត្ត» លោកថា ៖ (ខ្ញុំកំពុងជាប់រវល់) ៕
ដោយ៖សុខាសែនជ័យ