ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការខេត្តកំពង់ធំ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង១២នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួល និងចាត់ការសំណុំ រឿងព្រហ្មទណ្ឌលេខ ៣៥ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជូនមក ។

ក្រោយពីបានពិនិត្យលើសំណុំរឿងនេះ និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងភស្តុតាងពាក់ព័ន្ធនៅក្នុង សំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចបើកការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកំពង់ធំ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លើជន សង្ស័យដែលជាក្រុមក្មេងទំនើងចំនួន១២នាក់ រួមមាន៖ ១-ឈ្មោះ ស៊ឹម រ៉ាស៊ី ភេទប្រុស កើតឆ្នាំ២០១០, ២-ឈ្មោះ ថៃ វិច្ឆិកា ហៅ កា ភេទប្រុស កើតឆ្នាំ២០០៩, ៣-ឈ្មោះ ចំរើន សំណាង ហៅ ក្លិប ភេទប្រុស កើតឆ្នាំ២០១០, ៤- ឈ្មោះ ឆៃ ទិត្យចិត្រា ភេទប្រុស កើតឆ្នាំ២០១០, ៥-ឈ្មោះ ធី ម៉េងយូ ហៅ ម៉េង ភេទប្រុស កើតឆ្នាំ២០០៤, ៦- ឈ្មោះ គង់ សុខតុលា ហៅ ឃ្លោក ភេទប្រុស កើតឆ្នាំ២០០៩, ៧-ឈ្មោះ រ៉េន អភិរូហ៍ ភេទប្រុស កើតឆ្នាំ២០០៩, ៨- ឈ្មោះ គុណ សុខនរិទ្ធ ហៅ ណុក ភេទប្រុស កើតឆ្នាំ២០០៨, ៩-ឈ្មោះ សុខ ចាន់ធូ ភេទប្រុស កើតឆ្នាំ២០០៨ និង ជនសង្ស័យចំនួន០៣នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងវត្ថុតាងរួមមាន៖ ១-ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស្លាកលេខកំពង់ធំ 1P-3513 ២-ទូរស័ព្ទ០១គ្រឿង ម៉ាកIPHONE7 ពណ៌ទឹកមាស ៣-ទូរស័ព្ទ០១គ្រឿង ម៉ាក OPPO ពណ៌ក្រម៉ៅ ៤-ទូរស័ព្ទ០១គ្រឿង ម៉ាកIPHONE XSMAX ពណ៌ខ្មៅ ៥-ទូរស័ព្ទ០១គ្រឿង ម៉ាកVIVO ពណ៌ស្វាយ ៦-ខ្សែកាតនិងQRកូដមួយខ្សែ ៧-ទូរស័ព្ទ០១គ្រឿង ម៉ាកIPHONE7 Plus ពណ៌ខ្មៅ ៨-ទូរស័ព្ទ០១ គ្រឿង ម៉ាកIPHONE7 ពណ៌ស្វាយ ៩-លោហធាតុ ពណ៌មាសចំនួន០១ខ្សែ ពីបទ៖ ធ្វើឲ្យខូចខាតដោយចេតនាមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខ្លោងទ្វារម៉ុងចិន ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤១១ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ន​ជនជាប់ចោទ​ ត្រូវ​បានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ​ ដេីម្បី​បន្តនីតិវិធី​៕

ដោយ​៖ តារា​


ចែករំលែក៖