ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់បង្ក្រាប នូវទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ ម្លប់ ស្នេហ៍ KTV ដែលលួចបង្កប់សេវាផ្លូវភេទ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៣៨នាក់(ប្រុស៤នាក់)ដកហូតម៉ូតូ៤គ្រឿងនិងសម្ភារៈមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាឌី ប៉ក់ (ហៅផ្លូវអាកាសខ្ញុំ) ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៣៨ នាក់ និងម៉ូតូ ៤ គ្រឿង រួមនឹងសម្ភារៈមួយចំនួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងបន្តតាមនីតិវិធី។ ចំណែកទីតាំងខាងលើត្រូវបានសមត្ថកិច្ចបិទជាបណ្តោះអាសន្ន៕
ដោយ៖ ចន្ទ លីហ្សា