ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ កាលពីថ្ងៃទី២៩ ខែសីហាបានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀម លក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាខាងលើក្រោយពីជំនួបពិភាក្សាជាមួយ មន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូងពីយុទ្ធសាស្ត្រសម្រាប់ទប់ទលនឹងសង្គ្រាម វាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូ របស់កូរ៉េខាងជើង។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងមានសកម្មភាពយោធាគួរឲ្យបារម្ភក្នុងពេល ដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា អ្នកការពារសេរីភាព Ulchi ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Joon Hee បញ្ជាក់ថា កូរ៉េខាង ត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់ បំផុត និងត្រៀមលក្ខណៈជានិច្ចដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើងក្រោយពេល ដែលកម្លាំងទាហានកូរ៉េខាងជើងបាញ់សាក ល្បងមីស៊ីលចេញពីនាវាមុជទឹកកាលពីថ្ងៃទី២៤ ខែសីហា ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចំានៅទីក្រុងប៉េកាំងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនពីលទ្ធភាព ដែលកូរ៉េខាងជើងអាចនឹងបើកការវាយ ប្រហារឬក៏ជាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន។ ឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងបានអំពាវនាវឲ្យពលរដ្ឋចៀសវាងទៅកាន់ព្រំដែនចិនកូរ៉េខាងជើងអាចនឹងត្រូវចាប់ខ្លួនដើម្បីដោះដូរជាមួយពលរដ្ឋកូរ៉េខាង ជើងដែលបានរត់ទៅកាន់កូរ៉េខាងត្បូងនាពេលកន្លងមក។

នេះជាសារព្រមានលើកទី២ក្រោយសារព្រមានលើកទីមួយនៅថ្ងៃទី២ ខែ កក្កដា ក្រោយមានពលរដ្ឋកូរ៉េខាងជើង ១៣នាក់រត់ទៅកាន់កូរ៉េខាងត្បូង។

រាល់ពេលដែលមានការធ្វើសមយុទ្ធរវាង អាមេរិកនឹងកូរ៉េខាងត្បូងតែងតែមានភាពតានតឹងនៅឧបទ្វីបកូរ៉េដោយសាររដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងចាត់ទុកថា នោះជាការប៉ន ប៉ងវាយប្រហារឈ្លានពានទឹកដីកូរ៉េខាងជើង។

កន្លងមកថ្មីៗមេដឹកនាំកូរ៉េខាងជើងបាន ប្រកាសថា ប្រទេសរបស់លោកទទួលបានជោគជ័យនៅក្នុងជោគជ័យក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។
លោក គីម ជុងអ៊ុន បញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីពីការក្តាប់ ទីតាំងនានារបស់អាមេរិកនៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។

កន្លងមកសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។
ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគំរាម កំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងដោយ ទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធ នោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាង ជើង។

ទីក្រុងព្យុងយ៉ាងបានបង្ហាញការខឹង សម្បាយ៉ាងខ្លាំងពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ និងដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង។
កាលពីថ្ងៃទី២៨ ខែសីហា កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មខ្លាំងៗដោយគំរាម កម្ទេចកម្លាំងអាមេរិកំឲ្យក្លាយជាផេះ។ ប្រតិកម្មរបៀបនេះរបស់ក្រុងព្យុងយ៉ាងគឺដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកាលពីថ្ងៃសុក្រ ទី២៦ ខែសីហា បានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹករបស់កូរ៉េខាងជើងនាថ្ងៃពុធ ទី២៤ ខែសីហា។

វាមិនជារឿងថ្មី និងក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរចំពោះប្រតិកម្មរបស់កូរ៉េខាងជើងតបនឹងការរិះគន់ឬតបនឹងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ។ ថ្មីៗចុង ក្រោយគឺការថ្កោលទោស និងចំណាត់ការមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ចំពោះការបាញ់គ្រាប់មីស៊ីល អន្តរទ្វីបពីនាវាមុជទឹករបស់កូរ៉េខាងជើង។ នៅថ្ងៃអាទិត្យ ទី២៨ ខែសីហាកន្លងមកនេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចាត់ទុកសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខថា ជាទង្វើចោរកម្មរបស់ សហរដ្ឋអាមេរិក។

អ្នកនំាពាក្យក្រសួងការបរទេសកូរ៉េខាង ជើងរូបនេះដដែលបានថ្លែងយ៉ាងដូច្នេះថា ឥឡូវនេះសហរដ្ឋអាមេរិកបានចេញមុខ គំរាមលើសេចក្តីថ្លៃថ្នូរ និងសិទ្ធិអាទិភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយធ្វើព្រងើយកន្តើយចំពោះការ ព្រមានរបស់ក្រុងព្យុងយ៉ាងនោះកូរ៉េខាងជើងនឹងបន្តចាត់វិធានការខ្លាំងៗជាច្រើន ក្នុងនាមជាមហាអំណាចយោធាពេញ លក្ខណៈ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការ បរទេសកូរ៉េខាងជើងដែលត្រូវបានផ្សព្វ ផ្សាយតាមទីភ្នាក់ងារផ្លូវការក្រុងព្យុងយ៉ាង KCNA បានបន្ថែមថា កូរ៉េខាងជើងមាន លទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ដើម្បី កម្ទេចឲ្យក្លាយជាផេះលើពួកឈ្លានពាននៅ លើទឹកដីអាមេរិក និងនៅលើសមរភូមិក្នុងសមុទ្រប៉ាស៊ីហ្វិក។

គួររម្លឹកជូនថា សង្រ្គាមពាក្យសម្តីរវាងសហគមន៍អន្តរជាតិ និងរបបក្រុងព្យុងយ៉ាងពេលនេះបានកើតមានជាថ្មីក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល អន្តរទ្វីប (SLBM) ពីនាវាមុជទឹកកាលពី ថ្ងៃពុធ ទី២៤ ខែសីហា។

គ្រាប់មីស៊ីលអន្តរទ្វីប (SLBM) នោះ បានហោះក្នុងចម្ងាយ៥០០គីឡូម៉ែត្រមុន នឹងធ្លាក់ក្នុងសមុទ្រជប៉ុន។ យោងតាមក្រុម អ្នកជំនាញការបាញ់គ្រាប់មីស៊ីលប្រភេទនេះជាសក្ខីកម្មដែលបញ្ជាក់យ៉ាងច្បាស់ពី ការបោះមួយជំហានទៅមុខនៅក្នុងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី

 

MAIN-war-korea


ចែករំលែក៖