ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការចោទប្រកាន់ទោសទៅលើប្រធានាធិបតី Rousseff ។ ការធ្វើបាតុកម្មប្រឆាំងខាងលើកើតឡើងក្រោយពេលដែលសភាបានចោទសួរលោកស្រីប្រធានាធិបតីអស់រយៈពេល១៤ម៉ោងពាក់ព័ន្ធនឹងមូលនិធិជាតិ។
ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋ រាប់ពាន់នាក់នៅទីក្រុង Brasilliv និង Rio de Janeiro បានដង្ហែក្បួនបាតុកម្មប្រឆាំងនឹង ការប៉ុនប៉ងដកតំណែងប្រធានាធិបតី។ នៅទីក្រុងសាវប៉ូឡូ ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលបង្កឲ្យមានហិង្សា។
ការធ្វើបាតុកម្មខាងលើកើតឡើងក្រោយ ពេលលោកស្រី Rousseff ត្រូវបានសភាព្យួរ តំណែងប្រធានាធិបតីដើម្បីស៊ើបអង្កេត ថា តើលោកស្រីពិតជាជាប់ពាក់ព័ន្ធនឹង អំពើពុករលួយដែរឬទេ?
ប្រសិនបើតំណាងរាស្ត្រ៥៤រូបស្មើ២/៣ នៃអាសនៈក្នុងសភាពបោះឆ្នោតគាំទ្រនោះលោកស្រីនឹងត្រូវដកហូតតំណែងប្រធានាធិបតី និងបញ្ចប់ការកាន់អំណាចរបស់ គណបក្សពលករផងដែរ។
ក្រុមអ្នកសើុបអង្កេតនៅទីនោះបាន បញ្ជាក់ថា លោកស្រីប្រធានាធិបតីនឹងជំរុញ ឲ្យមានមហាបាតុកម្មកើតឡើងប្រឆាំងនឹងការដកតំណែងលោកស្រី ហើយជំរុញឲ្យមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។ សកម្មភាពខាងលើកើតឡើង ក្រោយប្រទេសនេះបញ្ចប់ការធ្វើជាម្ចាស់ ផ្ទះកីឡាអូឡាំពិកដោយជោគជ័យរួចមក៕ ម៉ែវ សាធី