ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់  ដែលបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះបណ្តាលឱ្យរងការខូចខាត។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចស្រុកសំរោងទងដែលបានឱ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។

លោកអធិការស្រុកសំរោងទងបានឱ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ធី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ ) ដោយបានធ្វើ សកម្មភាពយកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញម៉ូតូនៅចំណុចផ្លូវបេតុង ខ្លោងទ្វារវត្តក្ដីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតចំនួន២គ្រឿង ១គ្រឿងម៉ាកហុងដា សេ១២៥ សេ៊រីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y.1335 បែកក្បាំង កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ លៀង ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ម៉ាកហុងដា សេ១២៥ សេ៊រីឆ្នាំ២០១៩  ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M.5835 បែកក្បាំង កុងទ័រ ចង្កៀងមុខ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ នី ចាន់នួន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

លោកបញ្ជាក់ឱ្យដឹងទៀតថា ករណីបង្ក្រាបក្រុមជនសង្ស័យខាងលើគឺធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១និង០០នាទី ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងនិងកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលទើបស្រាវជ្រាវឈានដល់ការឃាត់ខ្លួនពួកគេបាន។ 

លោកអធិការស្រុកបានបន្តឱ្យដឹងទៀតថា ក្រោយពីមន្ត្រីជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ម៉ូតូខាងលើ រួមជាមួយបក្សពួកចំនួន៤នាក់ទៀត។ លុះមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩ និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្តទៀត ដែលមាន៖

១- ឈ្មោះ វ៉ាត់ ពិសិដ្ឋ ហៅប្រោក ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

២- ឈ្មោះ សុខ ភក្ដី (ហៅក្ដី) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ឃាត់ខ្លួនមនុស្សសរុបចំនួន ៣នាក់  និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង(ជិះធ្វើសកម្មភាព) និងកាំបិតផ្គាក់ចំនួន ១ ។

បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ដ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖