ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមចិញ្ចើមផ្លូវ ចំណុចកាណាស៊ីធី បណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ស្ត្រីឈឺពោះឆ្លងទន្លេខាងលើនេះ ឈ្មោះ សុខ គង្គា អាយុ៣៨ឆ្នាំ ស្រុកកំណើត ភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយទីលំនៅបច្ចុប្បន្ន ពុំពិតប្រាកដ ដើរដេកតាមចិញ្ចើមផ្លូវ និងជាមនុស្សមានសតិមិនគ្រប់ថែមទៀតផង ។
បច្ចុប្បន្ន ស្រ្តីរងគ្រោះត្រូវក្រុមគ្រូពេទ្យ៧១១ បញ្ជូនទៅសង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យជប៉ុន ហើយគេនៅមិនទាន់ដឹងព័ត៌មានលម្អិតបែបណានៅឡើយទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច ស្ថិតនៅ មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីស្ដ្រីជាជនអនាថាឈឺពោះឆ្លងទន្លេតាមចិញ្ចើមថ្នល់ផងដែរ ហើយបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះទាន់ពេលវេលា និងមាន សុវត្ថិភាពទាំង២នាក់ម្តាយ និងកូន ។ ស្រ្តីអនាថារូបនោះ ឈ្មោះ កែវ ទំ អាយុ២៤ រស់នៅតាមកន្លែងសាធារណៈ និងមានស្រុកកំណើត ខេត្តព្រៃវែង ៕ ថាច់ យ៉ាត
សូមអានបន្ត ៖ ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម