ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ការរំលោភដីរបស់រដ្ឋនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ បាននិងកំពុងតែយកចិត្តទុកដាក់ និងបានណែនាំអាជ្ញាធរ ក្រុង ស្រុក ទាំងអស់ បង្កើនការចុះត្រួតពិនិត្យរាល់សំណង់គ្មានច្បាប់អនុញ្ញាត និងរំលោភលើដីរបស់រដ្ឋ។
ការលើកឡើងរបស់ លោក អភិបាលខេត្ត ក្នុងកិច្ចប្រជុំសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារទាំង ៧វិស័យ ក្នុងខេត្តតាកែវ ពាក់ព័ន្ធនឹងសមត្ថកិច្ច របស់គណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះដែរ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានស្នើរដល់អាជ្ញាធរខេត្តតាកែវ រួមនឹងស្ថាប័នពាក់ព័ន្ធបន្តការយកចិត្តទុកដាក់ ពិនិត្យមើលរាល់ការសាងសង់សំណង់ផ្សេងៗ របស់ពលរដ្ឋដែលរំលោភមកលើដីចំណីផ្លូវរបស់រដ្ឋ ក្នុងករណីនេះត្រូវឱ្យពួកគាត់រុករើចេញជាបន្ទាន់។
លោកស្រី បានថ្លែងបន្តថា បច្ចុប្បន្ន ខេត្តតាកែវក្រោមម្លប់សុខសន្ដិភាព បានធ្វើឱ្យខេត្តតាកែវ ពីមួយឆ្នាំ ទៅមួយឆ្នាំ ប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ រួមមាន៖ ផ្លូវ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងនោះ សង្កេតឃើញថា ក៏មានការកើនឡើង នៃការសាងសង់សំណង់អាគារតូចធំ ជាបន្តបន្ទាប់។ ដូច្នេះទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំច្បាប់ដល់ពលរដ្ឋសិន មុននឹងអនុញ្ញាត្តឲ្យមានការសាង់សង់ផ្សេងៗ ចៀសវាងការសាងសង់ សំណង់ខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍខេត្ត។
ឆ្លើយតបនឹងការលើកឡើង របស់គណៈកម្មការទី៩ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថាការរំលោភដីរបស់រដ្ឋនេះ បច្ចុប្បន្ន អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធបាននឹងកំពុងតែយកចិត្តទុកដាក់ និងបានណែនាំអាជ្ញាធរក្រុងស្រុកទាំងអស់បង្កើនការចុះត្រួតពិនិត្យរាល់សំណង់គ្មានច្បាប់អនុញ្ញាត និងរំលោភលើដីរបស់រដ្ឋ និងបន្តផ្សព្វផ្សាយច្បាប់ឲ្យកាន់តែទូលំទូលាយដល់ពលរដ្ឋ សាធារណៈជនទូទៅបានយល់ដឹង បញ្ឈប់ការរំលោភដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
លោក វ៉ី សំណាង បានឱ្យដឹងទៀតថា នៅពេលខាងមុខនេះ ឯកឧត្តម នឹងមានគម្រោងកែប្រែបឹងតាកែវ ក្លាយជាតំបន់សក្ដានុពល និងទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍មកលេងកំសាន្តកាន់តែច្រើន តាមរយៈការធ្វើផ្លូវក្រវាត់បឹង ការដាំដើមឈើជុំវិញ និងពង្រីកសួនកម្សាន្តផ្សេងៗទៀតផងដែរ៕
ដោយ ៖ សិលា