ខេត្តកណ្ដាល ៖ រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុកម៉ូតូចំនួន៨គ្រឿង បណ្ដាលឲ្យរងការខូចខាតតែមិនមានពលរដ្ឋណាម្នាក់រងរបួសឡើយនៅលើស្ពានព្រែកក្ដាម ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
លោកវរសេនីយ៍ឯក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាលបានប្រាប់សារព័ត៌មានឲ្យដឹងថា ៖ ករណីរថយន្ដធុនធំដឹកទំនិញបុកម៉ូតូ៨គ្រឿងនេះ គឺផ្ដើមចេញពីម៉ូតូឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់។
លោកបានអះអាងថា ៖ ហេតុការណ៍ដំបូងនោះ គឺមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លាប់ភា្លមៗ។ នៅសមត្ថកិច្ចកំពុងអន្ដរាគមន៍ ក៏មានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរផ្សេងទៀត នាំគ្នាឈប់មើលលើដងផ្លូវ។
នៅពេលនោះ ក៏មានរថយន្ដដឹកទំនិញធុនធំមួយមកដល់ ក៏បុករះម៉ូតូចំនួន៨គ្រឿង ដែលកំពុងឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ដំបូង បណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសឡើយ សម្រាប់ករណីទីពីរនេះ។
បើតាមលោកអធិការនគរបាលស្រុក, គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំពោះរថយន្ដបង្កករណីទី១ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ថា ៖ ហេតុអីបងប្អូនប្រជាពលរដ្ឋយើង មានទម្លាប់ប្រមូលផ្តុំគ្នា ទៅមើលកន្លែងហេតុពពាក់ពពូនម្ល៉េះ ! ទី១ អាចរំខានដល់សមត្ថកិច្ចធ្វើការ ទី២ ស្ទះចរាចរ ទី៣ អាចបង្កគ្រោះច្នាក់ចរាចរ ទី៤ បាត់វត្ថុតាងកន្លែងកើតហេតុ នេះជាដើម៕
ដោយ ៖ សិលា