ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៥ ខេត្តប៉ៃលិនមានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្ត ជិត ៧ម៉ឺននាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់​​ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាក់ស្តែងនៅក្នុង ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្ត​ផ្សេងៗ ជាង ៧ម៉ឺននាក់ បាននាំគ្នាមកលេងកំសាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប មានព្រៃភ្នំជ្រលង​ដងអូរ ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងការនឿយហត់នានា ក្នុងការប្រកបការងារ​ចិញ្ចឹមជីវិតកន្លងមក។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មានសក្តានុពល​ផ្នែកអេកូទេសចរណ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដោយមានការយកចិត្តទុក​ដាក់ខ្ពស់ពីសំណាក់​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍ និងតាមទីសាធារណៈក្នុងខេត្ត ដែលប្រែក្លាយជាទីកន្លែង​ទេសចរណ៍​ដ៏ស្រស់បំព្រង បរិស្ថានល្អ និងពង្រឹងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើន បានជ្រើសរើស មកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖ -ចំនួនភ្ញៀវជាតិសរុប មានចំនួន ៧២,២៨២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,២៩% ក្នុងនោះភ្ញៀវជាតិសរុបចំនួន ៧១,៨១១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%។

ដោយ÷ស សារ៉េត


ចែករំលែក៖